បណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យជាប្រវត្តិសាស្ត្រ នៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺបានបង្ហាញទៅពិភពលោកថា “កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ភាពជោគជ័យជាប្រវត្តិសាស្ត្រ នៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងជាលើកទី១ សម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ គឺបានបង្ហាញទៅពិភពលោកថា៖ “កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”។ យើងមានចិត្តធំ ព្រោះយើងបានបន្តអនុវត្តវប្បធម៌ដ៏ផូរផង់របស់ដូនតារាប់ជំនាន់ ហើយក៏បានបន្តមកដល់បច្ចុប្បន្ន ដោយកំណត់ទឹកចិត្តជាធំ មានចិត្ត មានឆន្ទៈមោះមុត ហើយអាចជម្នះឧបសគ្គគ្រប់បែបយ៉ាងដើម្បីសម្រេចជោគជ័យ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សម្តេចតេជោ និងកម្មាភិបាល ៥រូប បានយកជីវិតជាដើមទុន ដោយបានចាកចេញពីទឹកដីកំណើតចេញស្វែងរកជំនួយដើម្បីរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាជនកម្ពុជា ដែលនេះ គឺច្បាស់បានបង្ហាញអំពីទឹកចិត្ត ឆន្ទៈ និងមនសិកាស្នេហាជាតិជាធំ ហើយបានប្រែក្លាយជាកត្តាជំរុញយ៉ាងសំខាន់បំផុតក្នុងការលះបង់ តស៊ូ និងប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីផ្តល់ជីវិតទីពីរជូនប្រជាជនខ្មែរជាង ៥លាននាក់ ហើយបន្តពង្រីកបានជាង១៧លាននាក់ទៀតនៅក្រោយ៤៤ឆ្នាំបន្ទាប់ពីរំដោះប្រទេសបានដោយជោគជ័យ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាពចំពោះការអភិវឌ្ឍរីកចម្រើនជារួមរបស់ខេត្តព្រៃវែងទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយក៏សូមចូលរួមអនុមោទនាត្រេកអរចំពោះសមិទ្ធផលថ្មីៗក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ដែលមានប្រវត្តិកកើតតាំងពីក្នុងសម័យសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤៨ ដែលដិតដាមដោយការចងចាំ និងឆ្លងកាត់ការលំបាកជាច្រើនសម័យកាល ក្រោមរបបនៃការដឹកនាំរបស់រដ្ឋាភិបាលពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសដំណាក់កាលនៃរបបប៉ុល ពត ដែលបានកំណត់គោលនយោបាយលុបបំបាត់សាសនា រើសអើងវណ្ណៈ និងឈានទៅកាប់សម្លាប់រង្គាលប្រជាជនខ្មែរខ្លួនឯង និយាយជារួម និងនិយាយដោយឡែកវត្តពោធិដ្ឋាន ក៏បានរងការបំផ្លាញស្ទើរទាំងស្រុង។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វិស័យសាសនាបានចាប់ផ្តើមរស់រានឡើងវិញ ហើយវត្តនេះក៏ត្រូវបានរៀបចំដំណើរការ និងបើកឡើងវិញនៅក្នុងឆ្នាំ១៩៨០ បន្ទាប់ពីត្រូវបានពួកប៉ុល ពត ប្រើប្រាស់ជាឃ្លាំងអំបិល និងរោងសិប្បកម្មកាត់ដេរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត













