ប្រធានាធិបតីកូរ៉េខាងត្បូងនឹងជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន និងមេដឹកនាំ G7 ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នឹងធ្វើដំណើរទៅដល់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ស្ថិតនៅភាគខាងលិចប្រទេសជប៉ុននៅថ្ងៃទី១៩ ខែឧសភា ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា និងមេដឹកនាំក្រុមប្រទេស G7 ដទៃទៀត។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នឹងស្នាក់នៅរយៈពេលបីថ្ងៃនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ជាមួយលោកជំទាវទី១ គីម ខ្យនហ៊ី។ កិច្ចប្រជុំកំពូល G7 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ បើតាមការគ្រោងទុកនោះ លោក យូន នឹងចូលរួមកិច្ចពិភាក្សាជាមួយមេដឹកនាំប្រទេស G7 និងមេដឹកនាំក្រុមប្រទេសក្នុងតំបន់ បន្ទាប់មកគាត់នឹងជួបលោក គីស៊ីដា នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
ការរៀបចំកំពុងដំណើរការសម្រាប់កិច្ចប្រជុំកំពូលត្រីភាគីរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ លោក យូន ត្រូវបានគេរំពឹងថានឹងលើកយកបញ្ហាមួយចំនួនមកធ្វើកិច្ចពិភាក្សា ក្នុងនោះមានដូចជាការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប (semiconductors) និងផលិតផលសំខាន់ៗដទៃទៀត។
សូមរម្លឹកថា លោក យូន បានជួបលោក គីស៊ីដា នៅទីក្រុងតូក្យូ កាលពីខែមីនា និងនៅទីក្រុងសេអ៊ូលកាលពីដើមខែឧសភានេះ។ ទន្ទឹមគ្នា ក្រុមអ្នករិះគន់នៅកូរ៉េខាងត្បូង បានតវ៉ាប្រឆាំងនឹងវិធីសាស្រ្តរបស់លោក យូន ក្នុងការបន្តទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយជប៉ុន។
ប៉ុន្តែដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក យូន ទៅកាន់ប្រទសជប៉ុនដើម្បីជួបជាមួយលោក គីស៊ីដា ត្រូវបានគេជឿជាក់ថា ជាការខិតខំប្រឹងប្រែងដើម្បីបង្ហាញពីបំណងប្រាថ្នារបស់មេដឹកនាំទាំងពីរ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរទៅថ្ងៃអនាគត៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា


