សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ និងសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ពិភាក្សាលើរបៀបវារៈសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ និងសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម។

គោលបំណងនៃសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញគឺដើម្បីកំណត់អំពីគោលការណ៍ និងវិធាន ស្ដីពីដើមកំណើតនៃទំនិញនាំចេញ និងទំនិញនាំចូល។ ជំរុញនិងសម្រួលពាណិជ្ជកម្ម ដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្មនិងការអនុវត្តក្រៅប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្ម និងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។

ខ្លឹមសារសង្ខេប នៃសេចក្ដីព្រាងច្បាប់នេះ មានចំនួន៩ជំពូក ដែលរួមមាន ៣៥មាត្រា។ សេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញនេះ មានអត្ថប្រយោជន៍ ដូចខាងក្រោម៖
-កំណត់អំពីគោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលបច្ចុប្បន្ន កម្ពុជា ពុំទាន់មានច្បាប់ចែងដោយឡែក អំពីវិធានដើមកំណើតទំនិញ ក្រោមប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនៅឡើយទេ ក្រៅពីការអនុវត្ត ផ្នែកនេះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក។
–ផ្ដល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ ដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលទទួលបន្ទុកចេញវិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាសេនាធិការ ទទួលបន្ទុកលើការទទួលសំអាង ដើមកំណើតទំនិញ ក្នុងការអនុវត្ត ការងារ ទាក់ទងនឹងវិធានដើមកំណើតទំនិញ។
–ជួយឱ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌអង្គការ ពាណិជ្ជកម្មពិភពលោក។
–ជួយជំរុញ និងសម្រួលពាណិជ្ជកម្ម ដល់វិស័យឯកជន ជាពិសេសការនាំចេញទំនិញ របស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធ ពីប្រទេសនាំចូល ដែលផ្ដល់ភាព អនុគ្រោះពាណិជ្ជកម្ម ដល់កម្ពុជា និងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក។
–ចូលរួមបង្ការ និងទប់ស្កាត់ការក្លែងបន្លំ ដើមកំណើតទំនិញ ដែលអាចជួយធានាថា ទំនិញនាំចេញពីកម្ពុជា គឺមានដើមកំណើតនៅកម្ពុជា ហើយអនុលោមតាមកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។
–តាមរយៈយន្តការនានា ក្នុងច្បាប់នេះ នឹងជួយឱ្យកម្ពុជា រក្សាបាននូវផលប្រយោជន៍ សេដ្ឋកិច្ច ដែលទទួលបានពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីនានា ដែលកម្ពុជាជាសមាជិក រួមទាំងអាចជួយកៀរគរចំណូលថវិកាជាតិ។
–ចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រសើរឡើង នូវសុខុមា លភាពសង្គម៕
ចំណែកសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូល ដ្ឋាននិងអត្តសញ្ញាណកម្ម ៖ ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្ត សញ្ញាណកម្មក្នុងគោលបំណងធ្វើការកែសម្រួលនូវបទប្បញ្ញត្តិគតិយុត្តណាដែលពុំទាន់មានភាពសមស្របនិងបំពេ ញបន្ថែមនូវបទប្បញ្ញត្តិថ្មីៗបន្ថែមទៀត ព្រមទាំងបញ្ចូលនូវប្រព័ន្ធថ្មីដែលពុំធ្លាប់មានប្រើប្រាស់ដូចជាប្រព័ន្ធរួម អត្តស ញ្ញាណប្រជាជន(ប្រព័ន្ធ IPIS)ជាដើម។
សេចក្ដីព្រាងច្បាប់នេះគឺបានប្រមូលផ្ដុំនូវរាល់បទដ្ឋានគតិយុត្តទាំងអស់ដែលទាក់ទងទៅនឹងអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្មឱ្យមានលក្ខណៈប្រមូលផ្ដុំនៅក្នុងច្បាប់តែមួយដែលពីមុនបទប្បញ្ញត្តិទាំងនេះ ស្ថិតនៅក្នុងបទដ្ឋានគតិយុត្តផ្សេងៗគ្នា ហើយការប្រមូលផ្ដុំបទប្បញ្ញត្តិទាំងអស់ឱ្យនៅក្នុងច្បាប់តែមួយនេះធ្វើឱ្យមានភា ពងាយស្រួលដល់អ្នកប្រើប្រាស់និងអ្នកអនុវត្តច្បាប់ផងដែរ។

សេចក្តីព្រាងច្បាប់នេះបានបញ្ចូលនូវបទប្បញ្ញត្តិដែលទាក់ទងទៅនឹងសិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជា ពលរដ្ឋ ដើម្បីធានានូវភាពរឹងមាំដែលត្រូវបានការពារដោយច្បាប់។

សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតដែលរៀបចំឡើងមិនត្រឹមតែអាចឆ្លើយតបក្នុងការដោះស្រាយបញ្ហា ដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្ដែងកន្លងមកប៉ុណ្ណោះនោះទេ គឺធានាបាននូវតម្លាភាពក្នុងការផ្តល់សេវានិងបានរៀបចំបទប្បញ្ញត្តិដែលមានលក្ខណៈទំនើបកម្មស្របតាមការរីកចម្រើននៅក្នុងសង្គម ព្រមទាំងបានរៀបចំដោយព្យាករណ៍ទុកជាមុនរួចជាស្រេចទាក់ទងនឹងការបន្តរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលនាថ្ងៃអនាគតផងដែរ។ គោលបំណងសំខាន់នៃសេចក្តីព្រាងច្បាប់នេះគឺធានាឱ្យមានវិធាននិងនីតិវិធីច្បាស់លាស់ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋានការចុះបញ្ជីអត្តសញ្ញាណបុគ្គលការចុះបញ្ជីស្នាក់នៅដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិនិងពង្រឹងលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់និងជាមូលដ្ឋានសម្រាប់ការរៀបចំគ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជនព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។ សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្មនេះមាន១២ជំពូក និង១៨២មាត្រា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្ត្រី

ads banner