ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ៖ “មានផ្លូវ មានស្ពាន មានសង្ឃឹម”គឺជាទិសស្លោករបស់រាជរដ្ឋាភិបាលដែលបាន ដាក់ចេញជាគោលនយោបាយអាទិភាពមួយក្នុងចំណោមអាទិភាពទាំងបួន
ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា “មានផ្លូវ មានស្ពាន មានសង្ឃឹម”គឺជាទិស ស្លោកមួយរបស់រាជរដ្ឋាភិបាលដែលបាន ដាក់ចេញជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំងបួន៖ ទឹក ផ្លូវ ភ្លើង និងមនុស្ស។ ជាក់ស្តែងផ្លូវត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ច យ៉ាងសំខាន់បំផុតហើយជាកាតាលីករ នៃជីវភាព និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ តួយ៉ាងការកសាងស្ពាននេះ គឺស្មើនឹងការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចជាតិ តភ្ជាប់តំបន់មួយទៅតំបន់មួយដើម្បីបម្រើដល់ចរន្តនៃចលនាអភិវឌ្ឍជាតិនិងប្រជាជន។ការបញ្ជាក់នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងចំនួនប្រាំបួនកន្លែងនៃឃុំចំនួនប្រាំ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមកាលពីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាសក្ខីកម្ម រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជា ប្រមុខដឹកនាំគឺមានចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់រាជធានី-ខេត្តឱ្យរួមគ្នាតែមួយហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយពិសេសជាយន្តការនៃភ្ជាប់សកម្មភាពពាណិជ្ជកម្ម,ទេសចរណ៍និងការដឹកជញ្ជូនកសិផលប្រកបដោយប្រសិទ្ធភាពនិងចំណាយតិច បម្រើឱ្យការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាផង, ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិនិងការរួមចំណែក ដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាពនិងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូបសំដៅឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាជនទាំងអស់ និយាយជារួមនិងអ្នកស្រុក ស្រីសន្ធរខេត្តកំពង់ចាមនិយាយដោយឡែកដែលបានជឿជាក់ជឿទុកចិត្តហើយចូលរួមទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដើម្បីសង្គ្រោះនិងការពារជីវិតពីជំងឺដ៏កាចសាហាវរាតត្បាតជាសាកលនិងសម្លាប់ជីវិតប្រជាជនរាប់លាននាក់នៅទូទាំងពិភពលោកនិងជាងបីពាន់នាក់ផងដែរនៅកម្ពុជា។ការចេញទៅចាក់វ៉ាក់សាំងនេះគឺជាបង្ហាញយ៉ាងច្បាស់ពីការជឿជាក់ និងទំនុកចិត្តមកលើរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយហ៊ានផ្ញើជីវិតហើយមាន ភាពប្រាកដច្បាស់ក្នុងចិត្តថា សម្តេចតេជោ គឺជាអ្នកសង្គ្រោះជីវិតប្រជាជន និងការពារជីវិតប្រជាជនគ្រប់ពេលវេលា។

ទិន្នន័យនៃការចាក់វ៉ាក់សាំង គឺជាទិន្នន័យបង្ហាញអំពីការជឿទុកចិត្ត និងការគាំទ្រចំពោះសម្តេចតេជោហើយក៏ជាតថភាព ជាក់ស្តែងបង្ហាញច្បាស់ថាគណបក្សប្រជាជនកម្ពុជាអាចនឹងបន្តដឹកនាំយូរដោយសារការគាំទ្រនិងការផ្តល់ទំនុកចិត្តពីសំណាក់ប្រជាជន។ ប្រជាជនបានផ្តល់នូវយុត្តិធម៌ពិតសម្រាប់អ្នកធ្វើពិត ហើយជាអ្នកដែលដឹកនាំប្រទេសប្រកបដោយធម៌ ដោយឈរលើបុព្វហេតុនៃការអភិវឌ្ឍ តាមរយៈការកំណត់គោលដៅធ្វើយ៉ាងណាឱ្យប្រជាជនមានបាន និងថ្កុំថ្កើងរុងរឿងទៅមុខជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃគ្រប់ជំនាន់៕ ដោយ៖ ពលជ័យ


