ក្រុមប្រឹក្សាធម្មនុញ្ញ នឹងប្រជុំពិនិត្យសម្រេចលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន និងមហាសាមគ្គីជាតិខ្មែរ នៅក្នុងសប្តាហ៍នេះ
ភ្នំពេញ៖ លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះថា ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែររួចហើយ។ តាមច្បាប់មានពេល១០ថ្ងៃ ក្រោយទទួលពាក្យបណ្តឹងដើម្បីពិនិត្យ សម្រេច។ មកដល់ពេលនេះ ខាងជំនាញបានបញ្ជូនឯកសារក្នុងក្រមខណ្ឌបច្ចេកទេសជូនទៅសមាជិកទាំង៩រូប ដើម្បីពិនិត្យបឋម។ លោកបានបញ្ជាក់ថា តាមគម្រោង នៅក្នុងសប្តាហ៍នេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងប្រជុំពិនិត្យសម្រេចលើពាក្យប្តឹងតវ៉ារបស់គណបក្សទាំងពីរ។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់ពាក្យប្តឹងតវ៉ាទៅនឹងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅក្រុមប្រឹក្សាធម្មនុញ្ញ។
គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងបរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន។ បន្ទាប់ពីសាម៉ីគណបក្សទទួលបានសេចក្តីសម្រេចរបស់ គ.ជ.ប គឺគណបក្សនេះមានពេល៥ថ្ងៃ ប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ក្នុងរយៈពេល១០ថ្ងៃ ក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីទទួលបានបណ្តឹង ត្រូវឆ្លើយតបទៅសាមីគណបក្សនោះវិញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងបរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥ មណ្ឌលរាជធានី-ខេត្ត។ ការបដិសេធនេះ ត្រូវបាន គ.ជ.ប អះអាងថា ដោយមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី- ខេត្ត- ក្រុង- ស្រុក- ខណ្ឌ នៅ ការិយាល័យច្រកចេញចូលតែមួយឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ដោយឡែក កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស មហាសាមគ្គីជាតិខ្មែរ ដែលមាន៧ (ប្រាំពីរ)មណ្ឌលរាជធានី ខេត្ត ដោយមូលហេតុ គណបក្សមហាសាមគ្គីជាតិខ្មែរ មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ នឹងចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕
ដោយ៖ពលជ័យ