នៅថ្ងៃទី២៥ ខែឧសភា ក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រជុំពិនិត្យសម្រេចលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន និងមហាសាមគ្គីជាតិខ្មែរ
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ខាងមុខនេះ ក្រុមប្រឹក្សាធម្មនុញ្ញនិងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួនដើម្បីពិនិត្យសម្រេចលើពាក្យបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញនៅរសៀលថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៣នេះ។
សូមជម្រាបថា គណបក្សភ្លើងទៀន បានដាក់ពាក្យប្តឹងតវ៉ាទៅនឹងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់ពាក្យប្តឹងតវ៉ាទៅនឹងការសម្រេច របស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣៕
