អង្គការមាតាធម្មជាតិ៖ ក្រុមសកម្មជនបរិស្ថានយុវជន និងអង្គការសង្គមស៊ីវិលមួយចំនួនដែលរារាំងដល់គម្រោងអភិវឌ្ឍន៍នានាក្នុងពេលកន្លងមក គឺមានចេតនាធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ជាជាងការចូលរួមអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិពិតប្រាកដ
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គការមាតាធម្មជាតិ យល់ឃើញថា ក្រុមសកម្មជនបរិស្ថាន យុវជន និងអង្គការសង្គមស៊ីវិលមួយចំនួនដែលតែងតែធ្វើការរិះគន់ និងរារាំងដល់គម្រោងអភិវឌ្ឍន៍នានាក្នុងពេលកន្លងមក គឺមានចេតនាធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ជាជាងការចូលរួមអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិពិតប្រាកដ។ ដូចករណីថ្មីៗនេះ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ មានយុវជនមួយចំនួនបានដាក់ញត្តិទៅកាន់ក្រសួងបរិស្ថាន ក្នុងគោលបំណងស្នើបញ្ឈប់កាត់ដីឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈគិរីរម្យ ដែលមានទីតាំងស្ថិតឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អង្គការមាតាធម្មជាតិ បានសង្កេតឃើញថា ឧទ្យានជាតិគិរីរម្យ ដែលជាតំបន់អភិរក្សកំណត់ដោយព្រះរាជករឹត្យ មានផ្ទៃដីជាង៣ម៉ឺន៥ពាន់ហិកតា (៣៥,០០០ហិកតា) ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យកាត់ឆ្កៀលដីឧទ្យាជាតិគិរីរម្យតែជាង២រយហិកតា (២២១.៩៤ហិកតា) ជួលទៅឱ្យក្រុមហ៊ុន វ៉នម៉រ (One More) ក្នុងគោលបំណងអភិវឌ្ឍវិស័យទេសចរណ៍ និងបង្កើតការងារជូនប្រជាពលរដ្ឋ ដោយមិនធ្វើឱ្យប៉ះពាល់បរិស្ថាននោះទេ។ អង្គការមាតាធម្មជាតិ បានសម្តែងនូវការសោកស្តាយចំពោះសកម្មភាពរបស់ក្រុមសកម្មជនបរិស្ថាន យុវជន និងអង្គការសង្គមស៊ីវិល មួយចំនួនដែលពុំបានសិក្សាឱ្យបានច្បាស់អំពីការអភិវឌ្ឍនានា និងតែងតែរារាំង ប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ដែលបានធ្វើឱ្យខាតបង់នូវផលប្រយោន៍ជាតិ៕
