សមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម ព្រួយបារម្ភចំពោះសកម្មភាពរបស់ចលនាអេឡិច ជនជាតិអេស្ប៉ាញ ដែលបន្តយកកម្ពុជាជាល្បែងនយោបាយរបស់ខ្លួន
ភ្នំពេញ៖ ដោយមើលឃើញពីខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្តីពីលោក អេឡិច ជនជាតិអេស្ប៉ាញ ដែលបង្កើតក្រុមបក្ខពួកធ្វើសកម្មភាពប្រាសចាកនឹងឧត្តមប្រយោជន៍ជាតិខ្មែរ និងផ្ទុយពីបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីអំពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ដូចនេះអ្នកធ្វើសកម្មភាពតាមក្រុមនេះ ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានបានបន្តថា “យើងខ្ញុំទាំងអស់គ្នា ក្នុងនាមសមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម មានការព្រួយបារម្ភចំពោះសកម្មភាពរបស់ចលនាអេឡិច ជនជាតិអេស្ប៉ាញ ដែលតែងតែបន្តយកកម្ពុជាជាល្បែងនយោបាយរបស់ខ្លួន ដែលបានបណ្តុះបណ្តាលយុវជនមួយចំនួនលែងគិតពីប្រយោជន៍ជាតិ មកគិតតែពីប្រឆាំង និងការធ្វើសកម្មភាពរារាំងការអភិវឌ្ឍន៍ជាតិទៅវិញ។”
ជាមួយគ្នានេះ សមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម ស្នើសុំឱ្យលោក អេឡិច បញ្ឈប់នយោបាយបំបែកបំបាក់ជនជាតិខ្មែរតទៅមុខទៀតទៅ សូមលោកអាណិតដល់ពលរដ្ឋខ្មែរដែលទើបងើបពីសង្គ្រាមហើយទទួលបានក្តីសុខដូចសព្វថ្ងៃ៕
