សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋបន្តការថែរក្សាសន្តិភាព (Video Inside)
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជុំវិញកត្តាសន្តិភាព ដែលជួយជម្រុញការអភិវឌ្ឍប្រទេសលើគ្រប់វិស័យជាពិសេសវិស័យវប្បធម៌។ ប្រសាសន៍ថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសបញ្ជាក់ជុំវិញផលប្រយោជន៍នៃការសិក្សាវិជ្ជាជីវៈ «មរតកដូនតា» ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៣។
ការសិក្សាវិជ្ជាជីវៈ «មរតកដូនតា» ក្នុងប្រយោជន៍ការពារ និងអភិរក្សកេរមរតករបស់បុព្វបុរសខ្មែរ គឺជាផ្នែកមួយ នៃគម្រោងបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាល ដែលនឹងជួយដល់និស្សិតក្រីក្រប្រមាណ១លាន ៥សែននាក់។
វប្បធម៌ជាតិរបស់កម្ពុជា ត្រូវបានរលាយអស់ទាំងស្រុង ក្នុងជំនាន់របបដឹកនាំកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ វិស័យវប្បធម៌បានរស់រានមានជីវិតសាឡើងវិញ ក្រោមការជួយរំដោះរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបានវាយផ្តួលរំលំរបបដឹកនាំប៉ុលពតបានទាំងស្រុង។
វិស័យវប្បធម៌កាន់តែត្រូវបានពង្រីក និងពង្រឹងថែមទៀត ក្រោយកម្ពុជាទទួលបានសន្តិភាពទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជាអស់សង្គ្រាមស៊ីវិលទាំងស្រុងនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨។ ការជួយឱ្យកម្ពុជាមានសន្តិភាពចាប់តាំងពី ពេលនោះហើយ នៅបានជួយសង្គ្រោះរបាំសួយរបស់ជនជាតិភាគតិចនាភាគឥសាន្តប្រទេសថែមទៀត។