ក្រសួងបរិស្ថានព្រមានការដាក់ទោសតាមច្បាប់អ្នកធ្វើសកម្មភាពជាមួយអាឡិច (Video Inside)
ក្រសួងបរិស្ថានបានព្រមានថា អ្នកដែលចូលរួមធ្វើសកម្មភាពជាមួយក្រុមចលនាមាតាធម្មជាតិ របស់ជនបរទេសឈ្មោះអាឡិច នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ជនបរទេសសញ្ជាតិអេស្ប៉ាញឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គុងហ្សាឡេ ដាវីដសុន ត្រូវសមត្ថកិច្ចកម្ពុជាបកមុខមាត់ក្លែងក្លាយរបស់ខ្លួនបំរើក្នុងក្រុមចលនាមាតាធម្មជាតិ។
ក្រសួងបរិស្ថាន បានរកឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះអាឡិចនោះ គ្មានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាលឡើយ។
ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសបញ្ជាក់ថា ជនណាដែលចូលរួមធ្វើសកម្មភាពជាមួយក្រុមចលនាមាតាធម្មជាតិ របស់ជនជាតិអេស្ប៉ាញឈ្មោះ អាឡិច នោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ក្រុម«ចលនាមាតាធម្មជាតិ»នេះ គឺជាក្រុមមិនបានធ្វើការចុះបញ្ជីជាសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល តាមការកំណត់របស់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះឡើយ។
កាលពីឆ្នាំ២០១៧ ប្រធានអង្គការនេះបានដាក់លិខិតស្នើសុំរំលាយអង្គការនេះ មកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៤៥៧១ ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ សម្រេចលុបឈ្មោះ «អង្គការមាតាធម្មជាតិ» ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលជាស្ថាពរ។
សេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ទៀតថា៖ «រាល់សកម្មភាពដែលបក្ខពួក និងក្រុមនេះបានប្រព្រឹត្ត គឺប្រាសចាកនឹងឧត្តមប្រយោជន៍ នៃសង្គមជាតិកម្ពុជា និងផ្ទុយពីបទប្បញ្ញត្តិ នៃក្រមរដ្ឋប្បវេណីក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។ ក្រសួងបរិស្ថានបានថ្លែងព្រមានថា ដូច្នេះអ្នកដែលចូលរួមធ្វើសកម្មភាពជាមួយក្រុមនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
ជនបរទេសឈ្មោះ អាឡិចនេះ ត្រូវបានក្រសួងមហាផ្ទៃ បណ្តេញចេញពីប្រទេស កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាពប្រឆាំងមួយចំនួន នៅតំបន់អារ៉ែង និងប្រឆាំងការបូមខ្សាច់នៅក្នុងខេត្តកោះកុង៕