ជប៉ុនផ្តល់ឥណទានសម្បទានជាង ៥៥លានដុល្លារដល់កម្ពុជា (Video Inside)
រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានប្រមាណជាង ៥៥លានដុល្លារអាមេរិក ដើម្បីជួយកម្ពុជាលើហេដ្ឋានរចនាសម្ព័ន្ធ និងវិស័យអប់រំ។
ពិធីចុះហត្ថលេខាប្រគល់ និងទទួលឥណទានរបស់ជប៉ុននេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា រវាងរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុន លោក អ៊ីអ៊ីណុ អាត់ស៊ីស្ហ៊ី។
លោក ប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្រ្តី បានថ្លែងក្នុងពេលនោះថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុត ខណៈពេលដែលកម្ពុជា និងជប៉ុន កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់មកកាន់ព្រះរាជាណាចក្រកម្ពុជា ទាំងតាមរយៈជំនួយ និងកិច្ចសហប្រតិបត្តិការជាច្រើន រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខ្លួន រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័, សុខាភិបាល, អប់រំ, ការផ្គត់ផ្គង់ទឹក, សន្តិសុខ និងការពារជាតិ, ប្រតិបត្តិការរក្សាសន្តិភាព, តភ្ជាប់រវាងប្រជាជននិងប្រជាជន និងការដោះមីនជាដើម។
ឥណទានសម្បទានលើ គម្រោងទាំងពីរ រួមមាន៖ ឥណទានសម្បទានប្រាក់យ៉េនដែលមាន ទឹកប្រាក់ចំនួន ៧ពាន់ ២០៥លានយ៉េន ដែលស្មើនឹងប្រមាណ ៥២លាន៦សែនដុល្លារ សម្រាប់អនុវត្ត «គម្រោង ការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥ នៃកំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម ដំណាក់កាល ទី៤» និងហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន៣៦៦ លានយ៉េន ដែលស្មើនឹង ប្រមាណ២លាន៦៧ម៉ឺនដុល្លារអាមេរិក សម្រាប់អនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។