សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង ឯកឧត្តម ឌ័ន ហុងហ្វុង ចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាក្នុងវិស័យអធិការកិច្ច

(ទីក្រុងហាណូយ) ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តម ឌ័ន ហុងហ្វុង សមាជិកមជ្ឈឹមបក្ស អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម ចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាក្នុងវិស័យអធិការកិច្ចរវាងប្រទេសទាំងពីរ នៅទីស្តីការអធិការកិច្ចរដ្ឋាភិបាលវៀតណាម នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

គួររលឹកផងដែរថា មន្រ្តីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា ទទួលបានការបណ្តុះបណ្តាលលើជំនាញអធិការកិច្ច មានវគ្គ រយៈពេល ៦ខែ រយៈពេល ៣ខែ និងរយៈពេល ១ខែ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម គិតចាប់តាំងពីឆ្នាំ ២០០៦-២០១៨ មានចំនួន សរុប ២៥៣នាក់ ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បានចុះ អនុស្សារណៈយោគយល់គ្នាលើវិស័យអធិការកិច្ច រួមមាន ៖ លើកទី១ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៥ លើកទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២ លើកទី៣ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦
ចំណែកលើកទី៤ គឺថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣នេះ។

អនុវត្ដន៍តាមខ្លឹមសារអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីការអនុវត្ដកិច្ចព្រមព្រៀងរវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និង អគ្គលេខាធិការដ្ឋាន អធិការកិច្ច រដ្ឋាភិបាលវៀតណាម បានធ្វើឲ្យស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បានដកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារអធិការកិច្ច ការដោះស្រាយបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និង ការបង្ការទប់ស្កាត់អំពើ ពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្ម នៃអំណាចសាធារណៈ ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner