ជប៉ុនផ្តល់ថវិកាជិត៦៤ម៉ឺនដុល្លារសម្រាប់ការលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន (Video Inside)

រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា៦៣ម៉ឺន៧ពាន់៨៣៨ដុល្លារអាមេរិកដល់ប្រទេសកម្ពុជា សម្រាប់ការលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន។ ការផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣០ ឧសភានេះ រវាងឯកអគ្គរាជទូតជប៉ុន លោក អ៊ូអិណុ អាត់ស៊ូស៊ី ជាមួយនឹងតំណាងស្ថាប័នទទួលជំនួយ។

តាមរយៈគម្រោងនេះ សិស្សប្រមាណ ១ម៉ឺន២ពាន់នាក់ និងគ្រូបង្រៀនចំនួន៤៤០នាក់ នៃសាលារៀនគោលដៅ នឹងអាចទទួលបានអត្ថប្រយោជន៍ពីបរិស្ថានគ្មានអំពើហិង្សា ដែលមានសុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាងមុន ដែលនឹងនាំឱ្យមានភាពប្រសើរឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងសុខុមាលភាពរបស់កុមារ។

ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។

ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៥០លានដុល្លារអាមេរិក ដល់គម្រោងចំនួន១៥២ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅ កម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា។

ads banner