ភ្លៀងបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខ (Video Inside)
សីតុណ្ហភាពកម្ដៅ បានបន្ដថយចុះថែមទៀតរវាងពី១ទៅ២ អង្សាសេ ខណៈបាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្តកើតមានក្នុងសប្ដាហ៍ទៅមុខនេះ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម មូលហេតុដែលបណ្ដាលឱ្យមានបាតុភូតប្រែប្រួលនេះ គឺដោយសារកម្ពុជា បានទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិង ឧតុនិយម, រវាងពីថ្ងៃទី៣១ ខែឧសភា រហូតដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងតំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាពកម្ដៅអប្បបរមា រវាងពី២៥ទៅ២៧ អង្សាសេ និងសីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៣ទៅ ៣៥ អង្សាសេ។ សីតុណ្ហភាពកម្ដៅនេះ បានថយចុះ១អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុន។ យោងតាមការព្យាករណ៍, ក្នុងតំបន់ទំនាបកណ្ដាលដែល រួមមានរាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ អាចមានភ្លៀង ធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពកម្ដៅអប្បបរមា មានរវាងពី ២៤ទៅ ២៦ អង្សាសេ និងសីតុណ្ហភាពកម្ដៅ អតិបរមា មានរវាងពី ៣២ទៅ ៣៤ អង្សាសេ។ បើប្រៀបធៀបនឹងសប្ដាហ៍មុន សីតុណ្ហភាពកម្ដៅទាំងពីរនេះ បានថយចុះ១អង្សាសេ។ យោងតាមការព្យាករណ៍ដដែល តំបន់ខ្ពង់រាបដែលរួមមាន៖ ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង, ខេត្តបន្ទាយមានជ័យ, ខេត្ដឧត្ដរមានជ័យ, ខេត្ដប៉ៃលិន, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ចាម, ខេត្ដត្បូងឃ្មុំ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ និងខេត្តព្រះវិហារ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយ ឡំដោយផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់។
ចំណែកនៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពកម្ដៅអប្បបរមា មានរវាងពី២៣ទៅ២៥ អង្សាសេ និងសីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣០ទៅ ៣២ អង្សាសេ ដែលសីតុណ្ហភាពកម្ដៅទាំងពីរ នេះគឺថយចុះ២អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុន។ យោងតាមការព្យាករណ៍ក្នុងតំបន់មាត់សមុទ្រ ដែលរួមមាន៖ ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកែប និងខេត្តកោះកុង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។