បណ្ឌិត ហ៊ុន ម៉ាណែត៖ មេដឹកនាំដែលគិតអំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា គឺសម្តេចតេជោ ហ៊ុន សែន (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា មេដឹកនាំដែលគិតអំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា គឺសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលតែងរស់នៅជាប់ជាប្រចាំជាមួយប្រជាជននៅក្នុងស្រុក និងជាមេដឹកនាំមិនដែលរត់ចោលស្រុកក្នុងពេលដែលប្រជាជនរងការលំបាកឡើយ។

សម្តេចតេជោតែងតាមដានមើលជានិច្ចនូវការដាក់ចេញរាល់គោលនយោបាយបំរើជាតិ និងប្រជាជន ដើម្បីការចង់ដឹងថាតើគោលនយោបាយដែលបានដាក់ចេញរួចមកនោះ ត្រូវបានប្រជាជនក្នុងមូលដ្ឋានទទួលបានពិតប្រាកដមែនឬយ៉ាងណា។

បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលសាសនាមួយវេលាថ្មីៗនេះ ក្នុងសង្កាត់ក្បាលកោះ, ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់ពលរដ្ឋនូវកិច្ចការផ្ទៀងផ្ទាត់ដ៏ម៉ត់ចត់ របស់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីរកភាពច្បាស់លាស់ថាគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិតជាបានធ្វើដំណើរដល់ដៃប្រជាជនពិតប្រាកដមែន។

សម្តេចតេជោ ហ៊ុន សែន ដើម្បីការជួយដោះស្រាយបញ្ហាដោយផ្ទាល់នៅតាមមូលដ្ឋាន បានធ្វើដំណើរចុះទៅកាន់វាលស្រែក្នុងការជួយដោះស្រាយបញ្ហាទឹក, ធ្វើដំណើរលើផ្លូវច្រើនពាន់គីឡូម៉ែត្រទូទាំងប្រទេស ដើម្បីកសាងសំណង់សាលារៀន, ដោះស្រាយបញ្ហាចំណោទដីធ្លី និងសូម្បីតែពលរដ្ឋរងគ្រោះនឹងទឹកជំនន់ ក៏គេតែងឃើញវត្តមានរបស់សម្តេចចុះសាកសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាជនក្នុងមូលដ្ឋានដោយផ្ទាល់ផងដែរ។

បច្ចុប្បន្នសម្តេចតេជោកំពុងចុះពិនិត្យជីវភាពកម្មករ និងកម្មការីនីតាមរោងចក្រក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីចង់ដឹងថាតើគោលនយោបាយដាក់ចេញរបស់សម្តេច បានជួយជាប្រយោជន៍ដល់កម្មករ និងកម្មការីនីទាំងនោះដែរឬទេ? បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញថា ការចង់ដឹងសុខទុក្ខរបស់ពលរដ្ឋ គឺជាអ្វីដែលស្ថិតក្នុងទឹកចិត្តរបស់សម្តេចតេជោជាប់ជានិច្ចគ្រប់ពេលវេលា។

ads banner