សកម្មជនគន្លឹះគណបក្សភ្លើងទៀនបន្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)
សកម្មជនគន្លឹះរបស់គណបក្សភ្លើងទៀន បានបន្តចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត នៅមុនការបោះឆ្នោតសកលខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ។
គណបក្សភ្លើងទៀន ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងការប្រកួតប្រជែង បោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈនៃនីតិវិធីដែលគជបបានតម្រូវ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ បានសម្រេចបដិសេធបន្ថែមទៀត ក្រោយការរកឃើញថាគណបក្សភ្លើងទៀននោះបានប្រព្រឹត្តខុសនឹងគតិច្បាប់។ នៅថ្ងៃនេះ អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តបាត់ដំបងលោក ស៊ឹម បូរី បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ខែមេសា និងខែឧសភានេះគឺជាខែដែលមានការភ្ញាក់រលឹកជាច្រើន របស់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់តែរងនឹងការចាញ់បោកឧបាយកលគណបក្សប្រឆាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់តាមបណ្តាញសង្គមមុននេះថា «ទឹកដែលធ្លាប់ល្អក់ ពេលនេះបានរងនឹងភាពថ្លាមកវិញហើយ»។
នៅថ្ងៃនេះផងទៀត សកម្មជនគន្លឹះម្នាក់ទៀតឈ្មោះ ឃី ឧត្តម ក្នុងស្រុកសំឡូតខេត្តបាត់ដំបង បានស្នើសុំចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាផងដែរ។
ក្នុងសប្តាហ៍នេះ ការស្នើចូលរួមជីវភាពនយោបាយរបស់សកម្មជនពីគណបក្សប្រឆាំង មានចំនួនច្រើនគូរឱ្យកត់សម្គាល់។ កាលពីថ្ងៃទី២៩ ឧសភា ក្រុមសកម្មជនគណបក្សប្រឆាំងនៅក្នុងខេត្តត្បូងឃ្មុំ បានផ្តួលរំលំស្លាកគណបក្សរបស់ខ្លួនចោល និងក្រុមសកម្មជនទាំងនោះ បាននាំគ្នាបានស្នើសុំរកការចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃទី២៩ ឧសភានោះទៀត, ប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀន ប្រចាំក្រុងបាត់ដំបង បានថ្លែងថ្កោលទោស មេដឹកនាំគណបក្សភ្លើងទៀន និងបានអំពាវនាវសមាជិកដទៃទៀត បោះបង់ចោលគណបក្សភ្លើងទៀន និងមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
ដោយឡែកកាលពីថ្ងៃទី២៨ឧសភា, សកម្មជនគណបក្សប្រឆាំងចំនួន៥១នាក់ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននាំគ្នាស្នើសុំការចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាផងដែរ។