ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដាក់បម្រាមឲ្យសមាជិកក្លិបកីឡារបស់ខ្លួន ផ្អាកដំណើរការមួយរយៈរង់ចាំប្រឡងបាក់ឌុបចប់សិន ចាំដំណើរការវិញ
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ថ្លែងថា ក្លិបកីឡាអេឡិចត្រូនិកដែលជាសមាជិកសហព័ន្ធទាំងអស់ត្រូវបានប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ឯកឧត្តម ជា ច័ន្ទបូរិបូរណ៍ ជូនដំណឹងឲ្យផ្អាកដំណើរការមួយរយៈទាំងអស់ ទាល់តែការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ បញ្ចប់រួចរាល់ទើបដំណើរការបានឡើងវិញ។ ការអះអាងដូច្នោះ ត្រូវបានលោក លន់ សាម ឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាលើកឡើងក្នុងពិធីចុះអត្ថលេខាលើកិច្ចព្រមព្រៀមសះព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាជាមួយក្លិប MC T E-SPORT និងទទួលសមាជិកថ្មីចំនួន៣ក្លិប កាលពីល្ងាចថ្ងៃទី៩ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។
លោកថា ការជូនដំណឹងឲ្យសមាជិកក្លិបកីឡាអេឡិចត្រូនិកទាំងអស់ផ្អាក់ដំណើរនេះ គឺបានធ្វើឡើងចាប់តាំងពីចុងខែកក្តដាមកម្ល៉េះ ក៏ព្រោះតែប្រធានសហព័ន្ធមិនចង់ឲ្យមានការប៉ះពាល់ដល់ការប្រឡងរបស់សិស្សានុសិស្សទូទាំងប្រទេស ដ្បិតបើនៅដំណើរការនោះវានឹងធ្វើឲ្យសិស្សានុសិស្សមួយចំនួនបែកអារម្មណ៍ធ្វើឲ្យការប្រឡងមិនទទួលបានជោគជ័យ។ អគ្គលេខាធិការរូបនេះអះអាងថា នេះជាចក្ខវិស័យរួមចំណែកពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានយុវជនក្នុងប្រទេសកម្ពុជា ព្រោះថា ការយកអារម្មណ៍មកគិតតែកីឡាមួយមុខនោះ ហើយភ្លេចការសិក្សានោះ នឹងមិនធ្វើឲ្យជីវិតជោគជ័យនោះទេ។ ដូច្នោះ យុវជនត្រូវយកចិត្តទាំងការលេងកីឡា និងការសិក្សាទើបធ្វើឲ្យជីវិតយើងបានប្រសើរឡើង។
សូមបញ្ជាក់ថា ក្លិបកីឡាអេឡិចត្រូនិក ដែលចូលជាសមាជិកសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សរុបមានចំនួន៧ហើយ ក្នុងនោះរាប់បញ្ចូលទាំងក្លិបចំនួន៣ ដែលទើបតែបញ្ចូលជាសមាជិកពេញសិទ្ធិកាលពី សុក្រ ទី៩ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ ហើយក្លិប៣នោះ មានដូចជា ក្លិបកីឡាអេឡិចត្រូនិកខេត្តបាត់ដំបង និងក្លិបកីឡាអេឡិចត្រូនិករាជធានីភ្នំពេញ៕ធ.ដ