កម្ពុជាបរិច្ចាគជំនួយមនុស្សធម៌ចំនួនបីសែនដុល្លារដល់មីយ៉ាន់ម៉ា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ក្នុងទឹកប្រាក់ចំនួន៣០០.០០០ ដុល្លារអាមេរិក (បីសែនដុល្លារអាមេរិក) ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលប៉ះពាល់នៃគ្រោះមហន្តរាយព្យុះស៊ីក្លូនម៉ូឆា នាពេលថ្មីៗនេះ ដែលបានបង្កនូវសោកនាដកម្មបាត់បង់អាយុជីវិតមនុស្សរាប់រយនាក់ ព្រមទាំងការខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋរ៉ាក់ខាញនៃប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងពិធីប្រគល់-ទទួល ដែលបានប្រារព្ធធ្វើនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដោយមានវត្តមានចូលរួមរបស់ឯកឧត្តម អ៊ូ ធីត លីញអូន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនមីយ៉ាន់ម៉ា ហើយសង្ឃឹមថា មីយ៉ាន់ម៉ានឹងអាចជម្នះស្ថានភាពដ៏លំបាកនេះ បានឆាប់រហ័ស។ កាយវិការសប្បុរសធម៌ខាងលើឆ្លុះបញ្ចាំងពីគុណតម្លៃនៃមនុស្សជាតិ ព្រមទាំងចំណងមិត្តភាពនិងសាមគ្គីភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក សំដៅរួមចំណែកជួយសម្រួលដល់ដំណើរការស្តារប្រទេសឡើងវិញ។

សូមរម្លឹកថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលរងគ្រោះដោយព្យុះស៊ីក្លូនម៉ូកា បានកើនឡើងដល់យ៉ាងហោចណាស់ ៨១នាក់ កាលពីថ្ងៃអង្គារទី១៦ ខែឧសភា ឆ្នាំ២០២៣។ ព្យុះម៉ូកា (Mocha) បានមកដល់ដីគោកកាលពីថ្ងៃទី១៤ ខែឧសភា ជាមួយនឹងល្បឿនខ្យល់បក់រហូតដល់១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយរំលំបង្គោលភ្លើង និងវាយកម្ទេចទូកនេសាទឈើឱ្យបាក់ជាបំណែកៗ។
មេដឹកនាំក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មាន AFP នៅកន្លែងកើតហេតុថា យ៉ាងហោចណាស់មនុស្ស ៤៦នាក់ បានស្លាប់នៅក្នុងភូមិប៊ូម៉ា (Bu Ma)នៃរដ្ឋរ៉ាក់ឃីន និងភូមិក្បែរខាង ខួងដូកេកា (Khaung Doke Kar) ជាកន្លែងរស់នៅរបស់ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដែលរងការធ្វើទុក្ខបុកម្នេញ។ យោងតាមទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV មនុស្សចំនួន១៣នាក់ បានស្លាប់នៅពេលដែលវត្តមួយបានដួលរលំនៅក្នុងភូមិមួយក្នុងសង្កាត់រ៉ាថេឌុង (Rathedaung) ភាគខាងជើងនៃទីក្រុងស៊ីតវេ (Sittwe) របស់រដ្ឋរ៉ាក់ឃីន ហើយស្ត្រីម្នាក់បានស្លាប់នៅពេលដែលអគារមួយបានរលំនៅក្នុងភូមិជិតខាង៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ