គ.ជ.ប ជួបប្រជុំជាមួយគណបក្សនយោបាយដើម្បីរៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)កាលពីរសៀលថ្ងៃទី ២ ខែមិថុនាឆ្នាំ២០២៣​ បានជួបប្រជុំជាមួយតំណាង​គណបក្ស​នយោបាយដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់​ធ្វើការ​ផ្សព្វផ្សាយក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅព្រឹកថ្ងៃទី ៣ ខែមិថុនាបានឱ្យដឹងថា កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្ដីការ គ.ជ.ប ក្រោមអធិបតីភាព​ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងកម្មវិធី​ផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” និងមានការអញ្ជើញចូលរួមពីតំណាង​គណបក្ស​នយោបាយដែលចូលរួមក្នុងការបោះឆ្នោត និងសមាជិកគណៈកម្មការសម្របសម្រួល។

ក្នុងឱកាសនេះឯកឧត្ដម ម៉ុក ដារ៉ា មានប្រសាសន៍ថា គណៈកម្មការសម្របសម្រួល រៀបចំកិច្ចប្រជុំនេះ ដើម្បីជម្រាបជូនគណបក្សនយោ​បាយ​អំពីគោលការណ៍ ប្រធានបទ និងកិច្ចការបច្ចេកទេសមួយចំនួន ដើម្បីត្រៀមរៀបចំការផលិតកម្មវិធីផ្សព្វផ្សាយគោលនយោ​បាយ​របស់គណបក្សនយោបាយ (កម្មវិធីតុមូល) និងស្ប៉តឃោសនារបស់គណបក្សនយោបាយ ដែលត្រូវចាក់ផ្សាយនៅវិទ្យុជាតិ និងទូរទស្សន៍​ជាតិកម្ពុជា រួមនឹងការរៀបចំអត្ថបទឃោសនារបស់គណបក្សនយោបាយនៅលើព្រឹត្តិបត្រគោលនយោបាយ ដែលចេញផ្សាយដោយ គ.ជ.ប ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្ដមអគ្គលេខាធិការរងបានបញ្ជាក់ថា សម្រាប់ការផ្សព្វផ្សាយខាងលើនេះ គណបក្សនយោបាយទាំងអស់ទទួលបានឱកាសដោយ​ស្មើភាព តម្លាភាព និងឥតគិតថ្លៃ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមប្រធានដឹកនាំកិច្ចប្រជុំ និងមន្រ្តីជំនាញ គ.ជ.ប បានធ្វើការបកស្រាយ ពន្យល់ និងឆ្លើយតបនឹងសំណួររបស់តំណាងគណបក្សនយោបាយ និងបានឱ្យតំណាងគណបក្សនយោបាយធ្វើការចាប់ឆ្នោត ដើម្បីឱ្យការផលិត ការថត និងការផ្សព្វផ្សាយកម្មវិធីផ្សព្វផ្សាយគោលនយោបាយ ស្ប៉តគណបក្សនយោបាយ និងព្រឹត្តិបត្រគោលនយោបាយ ប្រព្រឹត្តទៅ​ដោយរលូន ស្របតាមនីតិវិធី និងមានតម្លាភាព៕

ដោយ៖ពលជ័យ

ads banner