សម្តេចតេជោ ហ៊ុន សែន ណែនាំក្រសួងការងារ ជជែកជាមួយថៅកែរោងចក្រ ឱ្យជួយរ៉ាប់រងលើគោលនយោបាយគាំពារលើកម្មការិនី មានផ្ទៃពោះ

កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងការងារ ជជែកជាមួយថៅកែរោងចក្រ ឱ្យជួយរ៉ាប់រងលើគោលនយោបាយគាំពារលើកម្មការិនី មានផ្ទៃពោះ។ សម្តេចតេជោ បានណែនាំដូច្នេះ ដោយផ្តើមចេញពីបទពិសោធន៍ដ៏ឈឺចាប់ ក្នុងជីវិតនៃការបាត់បង់កូន នាំឱ្យសម្តេចគិតគូរខ្ពស់ដល់កម្មការិនីមានផ្ទៃពោះ។

ថ្មីៗនេះ សម្តេចក៏បាននិយាយរួចហើយ ដោយចង់ឱ្យស្ត្រីមានផ្ទៃពោះចាប់ពី ៣ខែឡើងទៅ ត្រូវបានចេញមុនម៉ោងរយៈពេលយ៉ាងតិច ១៥នាទី បើចេញជាមួយគ្នាវាអាចប៉ះទង្គិចគ្នាដែលអាចនាំឱ្យរលូតកូន។

ចំពោះករណីនេះ សម្តេច បានបញ្ជាក់ថា ករណីដែលអនុញ្ញាតឱ្យស្ត្រីមានផ្ទះពោះចេញមុនម៉ោង ត្រូវបានបុគ្គលមួយចំនួនបានលើកឡើងថា វាជារឿងតូចតាច ប៉ុន្តែសម្រាប់សម្តេចគឺចាត់ទុករឿងដែលប៉ះពាល់នឹងផលប្រយោជន៍ និងជីវិតរបស់ប្រជាពលរដ្ឋ មិនមែនជារឿងតូចតាចនោះឡើយ។

សម្ដេច បានលើកឡើងដូច្នេះថា៖ ប្រពន្ធ ឬ ស្ត្រីរលូតកូន ស្ត្រីនោះមានការសោកស្តាយ និងឈឺចាប់ប៉ុណ្ណា? ឪពុក ដែលជាប្តី ស្ត្រីរលូតកូននោះ ឈឺចាប់ប៉ុណ្ណា រឿងនេះ ខ្ញុំធ្លាប់បានជួបប្រទះខ្លួនឯង។ ជួបប្រទះលើកទី១ កូនស្លាប់ នៅនឹងមុខ សុំគេយកកូនទៅកប់ ក៏គេមិនឱ្យ សុំគេមក ភរិយាដែលទើបឆ្លងទន្លេ ក៏គេមិនឱ្យ តើយើងឈឺចាប់ប៉ុណ្ណា?។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា បន្ទាប់ពីផ្តួលរលំរបបខ្មែរក្រហមហើយ សម្តេច និងភរិយា បានមករស់នៅក្រុងភ្នំពេញ គ្រាដ៏លំបាកដែលបន្សល់ពីសង្គ្រាមស៊ីវិលនេះ សម្តេច និងភរិយា ក៏បានជួបប្រទះនឹងបញ្ហារលូតកូនជាលើកទី២ ដោយសារតែខ្វះការយកចិត្តទុកដាក់របស់សម្តេចខ្លួនឯងតែម្តង។

សម្តេចតេជោ បានបន្តទៀតថា នៅភ្នំពេញសម័យនោះ អត់មានទឹកប្រើប្រាស់នោះទេ ក្មួយៗ ចៅៗទាំងឡាយ ព្រលឹមឡើងក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ត្រូវទៅដងទឹកពីមាត់ទន្លេមេគង្គ អូសទឹកយកមក ថ្ងៃមួយប្រញាប់ទៅប្រជុំ ក៏ទៅប្រជុំ អ៊ឹចឹងប្រពន្ធខ្វះទឹកប្រើប្រាស់ក្នុងបន្ទប់ទឹក គាត់ក៏ទៅយួរទឹកមក បានកើតរឿងរលូតកូន អ៊ឹចឹងពូយល់ណាស់ពីបញ្ហាទាំងនេះ អ្នកខ្លះគិតថារឿងនេះ កំប៉េកកំប៉ុក ក៏ប៉ុន្តែសម្រាប់ខ្ញុំអត់កំប៉េកកំប៉ុកទេ។

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា អ្វីដែលជាផលប្រយោជន៍របស់ប្រជាជន អ្វីដែលជាផលប្រយោជន៍ទាក់ទងជាមួយជីវិតមនុស្ស គឺសម្តេចឱ្យតម្លៃខ្ពស់ ហើយរកវិធីសាស្ត្រដោះស្រាយ និងសូមអរគុណបណ្តារោងចក្រទាំងអស់ដែលបានអនុញ្ញាតឱ្យកម្មការិនី មានផ្ទះពោះបានចេញមុនម៉ោងកំណត់១៥នាទី។

សម្តេចតេជោ ហ៊ុន សែន ក៏ណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជជែកជាមួយថៅកែរោងចក្រ ឱ្យជួយរ៉ាប់រងលើគោលនយោបាយគាំពារលើកម្មការិនីពេលមានផ្ទៃពោះ៕ អត្ថបទ ៖ វណ្ណលុក រូបភាព ៖ វេង លឹមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner