មីយ៉ាន់ម៉ានាំចេញអង្ករធ្លាក់ចុះខ្លាំងក្នុងខែឧសភា ឆ្នាំ ២០២៣
ណៃពិដោ៖ ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា (MRF) បានបង្ហាញថា ការនាំចេញអង្កររបស់ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះមកត្រឹម ៤៦,៧៨៦តោនក្នុងខែឧសភា ខណៈតួលេខនេះបានធ្លាក់ចុះជិតពាក់កណ្តាល បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានចំនួន ៩៤,៦៩១តោន។
ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា (MRF) បានបង្ហាញថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បាននាំចេញអង្ករបាក់ចំនួន ៦៣,៩២០តោនក្នុងខែឧសភា ខណៈតួលេខនេះកើនឡើងបន្តិច បើធៀបនឹងការនាំចេញកាលពីឆ្នាំមុន មានចំនួន ៥៨,៨១៥តោន។
តួកគី គឺជាប្រទេសទិញអង្ករកំពូលរបស់មីយ៉ាន់ម៉ាក្នុងខែឧសភាឆ្នាំនេះ ជាមួយនឹងចំនួន ១១,៣៧៦តោន ខណៈដែលបែលហ្ស៊ិក គឺជាអ្នកទិញអង្ករបាក់ច្រើនជាងគេ ក្នុងអំឡុងខែឧសភាឆ្នាំនេះ ជាមួយនឹងចំនួន ២៥,៩២៥តោន។ កាលពីខែឧសភា ប្រទេសមីយ៉ាន់ម៉ាបាននាំចេញអង្ករ និងអង្ករបាក់របស់ខ្លួនទៅកាន់ប្រទេសតួកគី អេស្ប៉ាញ ប៊ុលហ្គារី ប៉ូឡូញ ព័រទុយហ្គាល់ បែលហ្ស៊ិក ហូឡង់ ចិន និងប្រទេសដទៃទៀត។
ប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមានឆ្នេរសមុទ្រវែងមួយនេះ បានដឹកជញ្ជូនអង្ករ និងអង្ករបាក់របស់ខ្លួន ភាគច្រើនតាមផ្លូវសមុទ្រ។ ទិន្នន័យ MRF បានបង្ហាញថា មីយ៉ាន់ម៉ារកចំណូលបាន ៨៥៣,៤៧២លានដុល្លារ ពីការនាំចេញអង្ករ និងអង្ករបាក់ជាង ២.២លានតោន ក្នុងអំឡុងឆ្នាំសារពើពន្ធ ២០២២-២០២៣។ នៅប្រទេសមីយ៉ាន់ម៉ា ស្រូវគឺជាដំណាំដែលដាំដុះច្រើនជាងគេ បន្ទាប់មកគឺសណ្តែក និងគ្រាប់ធញ្ញាជាតិដទៃទៀត៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

