គ.ជ.ប ដាក់ពាក្យទៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការសន្តិសុខបោះឆ្នោត ស្នើសុំចាត់វិធានការទប់ស្កាត់ និងការញុះញង់ការរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់ AMS នៅព្រឹកថ្ងៃទី៨ ខែមិថុនា នេះឲ្យដឹងថា គ.ជ.ប បានដាក់ពាក្យទៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការសន្តិសុខបោះឆ្នោត ស្នើសុំចាត់វិធានការទប់ស្កាត់ដែលធ្វើឱ្យមានអំពើល្មើសដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំចំពោះដំណើរការបោះឆ្នោត និងទប់ស្កាត់ការញុះញង់ និងការរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការដាក់ពាក្យស្នើសុំចាត់វិធានការទប់ស្កាត់ និងការញុះញង់ប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត គឺបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។

ការស្នើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នេះ បានធ្វើឡើងបន្ទាប់ក្រុមជនអគតិមួយចំនួនបានធ្វើយុទ្ធនាការតាមរយៈខិត្ដបណ្ណ រូបភាព ឬស្ប៉តឃោសនានានា តាមបណ្ដាញ ព័ត៌មានសង្គម ដោយអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឱ្យទៅបោះឆ្នោត… ព្រោះ គ្មានគណបក្សភ្លើងទៀន។ ជាមួយគ្នានេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រៀមខ្លួនចេញទៅបោះឆ្នោត ដោយកុំយកព័ត៌មានទាំងឡាយណាដែលមិនចេញពី គ.ជ.ប ធ្វើការរំខានក្នុងអារម្មណ៍ផ្លូវចិត្តឲ្យសោះ ហើយអ្នកដែលរំខាន ឬក៏ញុះញង់ដល់ការបោះឆ្នោតនឹងត្រូវទទួលទោសតាមផ្លូវច្បាប់។
សូមជម្រាបថា នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជា កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សង្ឃឹមថា ប្រជាពលរដ្ឋនឹងអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចក៏បានអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតឲ្យគណបកក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០២២ កន្លងផុតទៅ ហើយសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ លេខ១៨ សញ្ញាទេវតាបាចផ្កាថា គណបក្សប្រជាជន ស្ថិតនៅក្នុងជម្រើសរបស់ប្រជាពលរដ្ឋ។ មិនមែនជាការឃោសនាបោះឆ្នោតទេ ក៏ប៉ុន្តែវាជារឿងដែលជៀសមិនផុតបក្សណាក៏គេនិយាយដែរឥឡូវនេះ ព្រោះគេចាប់លេខរៀងរួចហើយ គឺគណបក្សប្រជាជនកម្ពុជា ចាប់បានលេខហុងស៊ុយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះ ទៅដល់ការបោះឆ្នោតនៅមិនយូរទេ ហើយសូមទាំងអស់គ្នារក្សាភាពស្ងប់ស្ងាត់ រក្សាបរិយាកាសនយោបាយអព្យាក្រឹត្យសម្រាប់ការបោះឆ្នោត សន្តិសុខ សណ្តាប់ធ្នាប់ ត្រូវបានធានា ដំណើរការបោះឆ្នោតត្រូវតែប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់គ្មានហិង្សា ដោយប្រជាធិបតេយ្យ និងគោរពសិទ្ធជ្រើសរើសរបស់ប្រជាជន។ ឯរឿងវិធានការនានាដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចាត់វិធានការណ៍នានាចំពោះអ្នកបន្ទុចបង្អាក់ នៃការអនុវត្តសិទ្ធិរស់ពលរដ្ឋ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ហើយថា “ថាគេមិនទៅបោះឆ្នោតទេ ព្រោះដោយសារតែគ្មានអ្នកនេះ គ្មានអ្នកនោះ អីចឹងសូមអ្នកឯងបន្តទៅ។ អ្នកឯងសាកលមើលៗ តើវាទៅដល់ណា? ខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតច្បាស់ជាស្នើមករាជរដ្ឋាភិបាល ដើម្បីចាត់វិធានការទៅលើអ្នកណា អាហ្នឹងរឿងមួយផ្សេងទៀត”៕
ដោយ៖ពលជ័យ