សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួអេមីរ៉ាត់អារ៉ាប់រួម ដើម្បីជំរុញពាណិជ្ជកម្មបន្ថែម
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួអេមីរ៉ាត់អារ៉ាប់រួម ដើម្បីជំរុញពាណិជ្ជកម្មបន្ថែម។សម្តេចតេជោ បានថ្លែងដូច្នេះថា នៅរសៀលនេះ សម្តេចនឹងទទួលជួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ហើយនៅក្រោយជំនួប កម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយគ្នា ដើម្បីជំរុញពាណិជ្ជកម្មបន្ថែម។សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួអេមីរ៉ាត់អារ៉ាប់រួម ដើម្បីជំរុញពាណិជ្ជកម្មបន្ថែម
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំ នឹងលើកឡើងជាមួយពួកគាត់ ដែលពួកគាត់ត្រូវនាំចូលច្រើនណាស់ ទោះពួកគាត់មានប្រជាជនតិច តែអេមីរ៉ាត់អារ៉ាប់រួម ជាមជ្ឈមណ្ឌលចែកចាយដ៏ធំ។
សម្តេច ថា អេមីរ៉ាត់អារ៉ាប់រួម គាត់អាចបង្កើតរោងចក្រនៅកម្ពុជា សម្រាប់ការផលិតផលិតផល អញ្ចឹងគាត់ក៏អាចមកវិនិយោគនៅកម្ពុជា ហើយគាត់អាចចែកចាយបន្តទៅកាន់ប្រទេសដទៃ នេះគឺជាការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋរបស់យើង។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះទំហំពាណិជ្ជកម្មដែលនាំចេញពីកម្ពុជាចូលទៅក្នុងប្រទេសចិនកាន់តែច្រើន មានដូចជា ត្រី ស្វាយ មៀន ចេក ដែលជាផលិតផលកសិកម្មដែលពីមុនយើងគ្មានទីផ្សារ ប៉ុន្តែយើងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងចិន គឺទីផ្សាររបស់យើងត្រូវបានបើក ។
សម្តេចបន្តថា យើងបានចុះកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង ទីផ្សាររបស់យើងក៏បានបើក ឥឡូវយើងចុះកិច្ចព្រមព្រៀងជាមួយអេមីរ៉ាត់ អារ៉ាប់រួម ទីផ្សាររបស់យើងនឹងត្រូវបើក ។ សម្តេចថា ទោះបីជាយើងមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយជប៉ុនក៏ដោយក៏ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន ហើយជប៉ុនទិញទំនិញកម្ពុជាកាន់តែច្រើនទៅៗរហូតដល់ជាងមួយពាន់លានដុល្លារ ដែលនាំចេញពីកម្ពុជាទៅជប៉ុន ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់បណ្តាខេត្តនានា ឲ្យខិតខំដាក់គោលដៅទាក់ទាញវិនិយោគិន មកកាន់ខេត្តរបស់ខ្លួន។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


