សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាសាទរការបញ្ជាក់តបរបស់ថៃដែលមិនបណ្តេញកម្មករបរទេស (Video Inside)

នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានអបអរសាទរចំពោះការបញ្ជាក់តបមកវិញរបស់គណបក្សថៃដែលឈ្នះឆ្នោតជុំវិញការមិនបណ្តេញកម្មករបរទេសដែលជាអ្នកចំណាកស្រុកកំពុងធ្វើកិច្ចការនៅក្នុងប្រទេសថៃឡើយ។

គួរបញ្ជាក់ថាសេចក្តីរាយការណ៍មុននេះ បានបង្ហាញថាគណបក្ស «ឆ្ពោះទៅមុខ» Move Forward ដែលកំពុងរៀបចំរដ្ឋាភិបាលថ្មីរបស់ថៃ មាននយោបាយ ចង់បណ្តេញកម្មករចំណាកស្រុកបរទេសវិលត្រឡប់ទៅសាមីប្រទេសរបស់គេវិញ។

រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងប្រតិកម្មមុននេះថា កម្ពុជានឹងមិនស្វាគមន៍ចំពោះគោលការណ៍នោះឡើយបើសិនជាមានមែននោះ។ ប៉ុន្តែសេចក្តីរាយការណ៍ពីប្រទេសថៃបានដកស្រង់សម្តី មន្ត្រីគណបក្ស «ឆ្ពោះទៅមុខ» របស់ថៃដែលនិយាយថា ព័ត៌មានថាថៃនឹងបណ្តេញកម្មករចំណាកស្រុកបរទេស ទៅកាន់សាមីប្រទេសវិញនោះ គឺជាព័ត៌មានមិនពិតឡើយ។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី រោងចក្រប្រមាណជិត២ម៉ឺននាក់ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានថ្លែងរីករាយក្រោយការទទួលបានព័ត៌មានបញ្ជាក់តបមកវិញនេះ។

កាសែត The Nation របស់ថៃនៅជាមួយគ្នានេះ បានដកស្រង់សម្តីគណបក្ស «ឆ្ពោះទៅមុខ» របស់ថៃដែលបញ្ជាក់បន្ថែមទៀតថាគេនឹងជួយបង្កលក្ខណៈងាយស្រួលថែមទៀត ដល់ជនបរទេសធ្វើការក្នុងប្រទេសថៃ និងពង្រីកសិទ្ធិទទួលបានកិច្ចការពារការងារសម្រាប់កម្មករទាំងអស់ថែមទៀត ដោយមិនប្រកាន់ពីសញ្ជាតិ នៃប្រទេសណាមួយនោះឡើយ។

ads banner