សម្តេចតេជោអបអរសាទរកិច្ចប្រឹងប្រែងកាត់បន្ថយការជក់បារី (Video Inside)
ប្រមុខរាជរដ្ឋាភិបាលបានអបអរសាទរកិច្ចប្រឹងប្រែងដែលកាត់បន្ថយបានច្រើនលើការជក់បារីដែលតែងបង្កចំណោទបញ្ហាដល់សុខភាពប្រជាពលរដ្ឋ។
មន្ត្រីសុខភាពពិភពលោកបានថ្លែងថា បារី ឬថ្នាំជក់ តែងសម្លាប់មនុស្សប្រមាណជា៦លាននាក់ ក្នុងមួយឆ្នាំៗលើសកលលោក ដែលគិតជាមធ្យមមានប្រមាណជាង ១៦ពាន់នាក់ បានស្លាប់រៀងរាល់ថ្ងៃ និងក៏មានអ្នកគ្រោះ ប្រមាណជាង៦សែនផ្សេងទៀត ដោយសារតែការស្រូបផ្សែងបារីពីបណ្តាអ្នកជក់ទាំងឡាយ។ តួលេខនេះ គឺនៅមុនពេលដែលកម្ពុជា និងពិភពលោកមិនទាន់បានស្ថិតក្រោមការគម្រាមកំហែង នៃជម្ងឺឆ្លងកូវីដ១៩។
កម្ពុជាគឺជាប្រទេសដែលចូលរួមជាមួយពិភពលោក ដើម្បីការនាំ «ពិភពលោកដែលគ្មានថ្នាំជក់និងផ្សែងបារី»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៨ មិថុនា បង្ហាញក្តីរីករាយចំពោះកិច្ចប្រឹងប្រែងរបស់ជាតិ ដែលបានកាត់បន្ថយអស់ជាច្រើនលើការជក់បារី។
សម្តេចតេជោ ហ៊ុន សែន ពីអតីតកាលត្រូវគេស្គាល់ថាគឺជាអ្នកជក់បារី ស្ទើរមិនដែលដាច់ពីមាត់ ប៉ុន្តែសម្តេចនៅតែតាំងចិត្តបានក្នុងការផ្តាច់បារីមិនឱ្យជាប់ពាក់ព័ន្ធ។ សម្តេចតេជោបានថ្លែងរៀបរាប់នូវប្រវត្តិដែលនាំឱ្យមានជក់ និងញៀនបារី និងការផ្តាច់បានសម្រេចនៅក្នុងឆ្នាំ២០១៦។
សម្តេចបានថ្លែងកត់សម្គាល់ថាបច្ចុប្បន្នការជក់បារីនៅក្នុងចំណោមយុវជនមិនមានច្រើនដូចកាលពីមុនឡើយ។
នៅកម្ពុជា ប្រជាពលរដ្ឋប្រមាណ ១ម៉ឹន៥ពាន់នាក់ ត្រូវគេនិយាយថា បានស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់ ខណៈដែលការព្យាបាលជំងឺទាំងនេះ ត្រូវចំណាយយ៉ាងហោចណាស់ក្នុងមួយឆ្នាំជិត ១៦៣លានដុល្លារ។
ក្រុមវេជ្ជបណ្ឌិតបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ គឺដោយសារជំងឺមហារីកសួត, ដាច់សរសៃឈាមខួរក្បាល, មហារីកមាត់, ជំងឺគាំងបេះដូង, ក្រិនសរសៃឈាម, មហារីកក្រពះ និងមហារីកប្លោកនោមជាដើម។