ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាអាចសម្រេចជោគជ័យនៅក្នុងគ្រប់ការប្រកួតប្រជែងបែបប្រជាធិបតេយ្យ គឺអាស្រ័យដោយគណបក្សប្រជាជនកម្ពុជាខ្លួនឯង បានខិតខំធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា អាចសម្រេចជោគជ័យនៅក្នុងគ្រប់ការប្រកួតប្រជែងបែបប្រជាធិបតេយ្យ គឺអាស្រ័យដោយគណបក្សប្រជាជនកម្ពុជាខ្លួនឯង ដែលបានខិតខំធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន។ ក្នុងនេះ សមាជិកបក្សគ្រប់រូប គឺជាគ្រឿងបង្គុំនៃអង្គការចាត់តាំងបក្សពីលើដល់ក្រោម និងជាកម្លាំងប្រតិបត្តិករនៃកម្មវិធីនយោបាយរបស់គណបក្ស ហើយកម្លាំងប្រតិបត្តិករទាំងអស់ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” ដែលជាមូលដ្ឋានដ៏សំខាន់របស់គណបក្សក្នុងការធានាបាននូវការគោរពបុព្វហេតុដ៏ត្រឹមត្រូវ និងប្រសិទ្ធភាពនៃបេសកកម្មរបស់គណបក្សក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា អត្រានៃចំនួនអ្នកបានទៅបោះឆ្នោតក្នុងឆ្នាំ២០២២កន្លងទៅ បានបង្ហាញឱ្យឃើញនូវការគាំទ្រនៃដំណើរការលិទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ក៏ដូចជាការជ្រើសរើសយកឱកាសនៃសុខសន្តិភាព និងស្ថិរភាព ដែលកំពុងមានសព្វថ្ងៃនេះ ជាពិសេសការយល់ច្បាស់អំពីតួនាទីក្នុងនាមជាពលរដ្ឋល្អ ដែលត្រូវអនុវត្តសិទ្ធិនយោបាយក្នុងការជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត និងជឿជាក់ ជាពិសេសជំនឿទុកចិត្តលើ សម្តេចតេជោ ប្រធានគណបក្ស ថ្នាក់ដឹកនាំបក្ស និងថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីបន្តថែរក្សាការពារឱកាសគ្រប់បែបយ៉ាងក្រោមដំបូលនៃសន្តិភាព។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដែលត្រូវប្រកាសសមាសភាពផ្លូវការនាថ្ងៃនេះ ដើម្បីបន្តដឹកនាំក្រុមការងារយុវជនគណបក្សថ្នាក់ខេត្ត និងជាសេនាធិការឱ្យគណៈកម្មាធិការគណបក្សខេត្ត ក្នុងការបំផុសចលនាយុវជនឱ្យគាំទ្រគណបក្ស ក៏ដូចជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងសេចក្តីសម្រេចចិត្តនានា បម្រើឱ្យបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស គឺការបម្រើជាតិ និងប្រជាជន។ ការទទួលបានតួនាទីថ្មី គឺជាការទទួលនូវសិទ្ធិអំណាច រួមជាមួយនឹងការទទួលខុសត្រូវ ហើយក្នុងនាមជាថ្នាក់ដឹកនាំ គឺត្រូវមានចក្ខុវិស័យច្បាស់លាស់ ភាពរហ័សរហួនសកម្មការងារ និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។ ក្នុងន័យនេះ ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ គឺត្រូវមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងផ្អែកលើផលប្រយោជន៍រួមជាធំ ហើយថ្នាក់ដឹកនាំអាចប្រើសិទ្ធិអំណាចដើម្បីចាត់តាំងអនុវត្តសេចក្តីសម្រេចនេះ ឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់ដោយធានាប្រសិទ្ធភាពខ្ពស់បំផុត។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំថ្មី គប្បីត្រូវខិតខំបន្តក្តាប់ជាប់សភាពការណ៍ ជាពិសេសបញ្ហាសតិអារម្មណ៍របស់សកម្មជនបក្ស និងសមាជិកបក្ស ក៏ដូចជាមហាជនទាំងមូល ដើម្បីយកធ្វើជាមូលដ្ឋានក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងដើម្បីពន្យល់បកស្រាយអំពីគុណសម្បត្តិរបស់បក្សជូនពួកគាត់ឱ្យបានយល់ច្បាស់ និងមានលំនឹងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ មួយវិញទៀត យើងក៏ត្រូវយកចិត្តទុកដាក់ផងដែរលើការបណ្តុះបណ្តាលសកម្មជនយុវជនបក្សក្នុងរចនាសម្ព័ន្ធបក្ស ក៏ដូចជាសមាជិកថ្មីដែលបានស្ម័គ្រចិត្តចូលរួមជីវភាពជាមួយគណបក្សឱ្យបានយល់ច្បាស់អំពីប្រវត្តិ បុព្វហេតុ កម្មវិធីនយោបាយ ស្នាដៃ និងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា សំដៅបង្កើនភាពកក់ក្តៅ ជំនឿទុកចិត្ត និងការពេញចិត្តក្នុងការរស់នៅក្រោមម្លប់នៃសុខសន្តិភាព៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត
