សម្ភារៈយោធារបស់កម្ពុជាដឹកជញ្ជូនតាមកប៉ាល់ទៅកាន់ប្រទេសម៉ាលី (Video Inside)

រថយន្តយោធាប្រឆាំងគ្រាប់មីន MPV (Mine Protected Vehicle) ចំនួន១៤គ្រឿងរបស់កម្ពុជា ជាមួយនឹងសម្ភារៈបំពាក់ចំនួន៥កុងតឺន័រ បានដឹកជញ្ជូនតាមនាវាចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់សាធារណរដ្ឋម៉ាលី សម្រាប់បម្រើការងារបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ។

ពិធីជានិមិត្តរូបនៃការដឹកជញ្ជូននេះបានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។

រថយន្តនិងសម្ភារៈដែលកំពុងធ្វើដំណើរឆ្លងកាត់សមុទ្ទនេះ គឺជាឧបករណ៍សម្រាប់បំពាក់ដល់កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ របស់កម្លាំងមួកខៀវកម្ពុជា ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថារថយន្ត និងសម្ភារៈទាំងឡាយនេះនឹង ទៅដល់ប្រទេសម៉ាលី នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៣។

កម្ពុជាគិតមកត្រឹមឆ្នាំ២០២៣ បានបញ្ជូនកងកម្លាំងមួកខៀវចំនួនជិត ៩ពាន់នាក់ហើយ ក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពក្នុងប្រទេសចំនួន ៩ រួមមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, សាធារណរដ្ឋអាមេរិកអាហ្វ្រិកកណ្តាល, លីបង់, ម៉ាលី, ស៊ីរី, សាយប្រឺស និងយេម៉ែន លើជំនាញបោសសំអាតមីន, វិស្វកម្មសំណង់ផ្តេក និងបញ្ឈរ, អាវុធហត្ថ, មន្ទីរពេទ្យកម្រិត២, វិស្វកម្មព្រលានយន្តហោះ, កំទេចគ្រាប់មិនទាន់ផ្ទុះ, ផ្នែកនាយទាហាន, សេនាធិការនិងសង្កេតការណ៍យោធា។

ads banner