២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ករណី (Video Inside)
ប្រទេសភាគច្រើននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បន្តរកឃើញឆ្លងថ្មី១ករណីថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី១ករណីនៅថ្ងៃនេះ ជាតួលេខថយ មកវិញចំនួន ១៤ករណី បើប្រៀបធៀបនឹងម្សិលិញ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ២១២ករណី ដែលជាតួលេខឆ្លងបន្តថយចុះច្រើនដល់ចំនួន ១ពាន់ ២១៣ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា, ប្រុយណេ និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខ ឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ១៣១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២១ម៉ឺន ៤ពាន់ ៥៨៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ២១នាក់។ បើគិតសរុបនៅលើសាកលលោក នោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩០លានករណី, និងការស្លាប់មានជាង ៦លាន ៨៨ម៉ឺននាក់៕