លោក សួន សេរីរដ្ឋា ៖ ការញុះញង់ប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត និងឱ្យបំផ្លាញសន្លឹកឆ្នោត គឺជាបទឧក្រិដ្ឋដែលមិនអាចលើកលែងទោសឲ្យបានទេ
ភ្នំពេញ៖លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានបញ្ជាក់ថា សកម្មភាពដែលពួកជ្រុលនិយមកំពុង
តែយុទ្ធនាការឃោសនាអូសទាញប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត គឺជាចេតនារាំងខ្ទប់ការបោះឆ្នោត ដែលត្រៀមរៀបចំនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ហើយការដែលញុះញង់ឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតដែរ ប៉ុន្តែគូសបំផ្លាញសន្លឹកឆ្នោតគឺបំផ្លាញទ្រព្យសម្បត្តិជាតិ ពីព្រោះសន្លឹកដែល គ.ជ.ប បោះពុម្ពយកមកឱ្យប្រជាពលរដ្ឋដើម្បីធ្វើការបោះឆ្នោតនេះ ប្រើប្រាស់ថវិកាជាតិ ។បានន័យថាបំផ្លាញសន្លឹកឆ្នោតគឺបំផ្លាញថវិកាជាតិ។នេះគឺជាបទឧក្រិដ្ឋមួយដែលមិនអាចលើកលែងទោសឱ្យបានទេ។

លោកសួន សេរីរដ្ឋា បានថ្លែងប្រាប់ AMS ថា ពាក់ព័ន្ធទៅនឹងសកម្មភាពដែលពួកជ្រុលនិយមនេះកំពុងតែចេញនូវសារនយោបាយ ឬស៉្បតវីដេអូណាមួយ ដើម្បីអូសទាញប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត ហើយនិងប្រើឱកាសទៅបោះឆ្នោតដើម្បីបំផ្លាញសន្លឹកឆ្នោត នេះគឺជាចេតនារាំងខ្ទប់ការបោះឆ្នោត ដែលត្រៀមរៀបចំនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ នេះជាចេតនានយោបាយពិតប្រាកដដែលពួកគេបានកំពុងខិតខំធ្វើយ៉ាងម៉េចអូសទាញប្រជាពលរដ្ឋឱ្យចូលរួមនៅក្នុងអន្ទាក់នយោបាយមួយ ដែលពួកគេកំពុងតែរំលោភសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ មួយទៀតលោកហៅថាជាការបំផ្លាញនូវទ្រព្យសម្បត្តិជាតិ ពីព្រោះការដែលអូសទាញប្រជាពលរដ្ឋមិនឱ្យទៅចូលរួមការបោះឆ្នោតគឺជាការរំលោភសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋដែលមានចែងនៅក្នុងច្បាប់។មួយទៀតការដែលញុះញង់ឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតដែរ ប៉ុន្តែឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺបំផ្លាញទ្រព្យសម្បត្តិជាតិ ពីព្រោះសន្លឹកដែល គ.ជ.ប បោះពុម្ពយកមកឱ្យប្រជាពលរដ្ឋដើម្បីធ្វើការបោះឆ្នោតនេះ បានប្រើប្រាស់ថវិកាជាតិ។ បានន័យថា បំផ្លាញសន្លឹកឆ្នោត គឺបំផ្លាញថវិកាជាតិ។នេះជាបទឧក្រិដ្ឋមួយដែលមិនអាចលើកលែងទោសឱ្យបានទេ ហើយចរិតនយោបាយរបស់ពួកគេនៅក្នុងពេលនេះកំពុងតែឃោសនាប្រឆាំងនឹងការបោះឆ្នោត។ អូសទាញប្រជាពលរដ្ឋកុំឱ្យចេញទៅបោះឆ្នោត ហើយញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត វាគឺជាអំពើបំពានច្បាប់ ។បំពានទាំងច្បាប់បោះឆ្នោត និងច្បាប់គ្រប់គ្រងគណបក្សនយោបាយ។
លោកបានបន្តថា នេះជានយោបាយដែលអាក្រក់បំផុតដែលកំពុងតែចង់ទាញយកការបោះឆ្នោតនេះ ធ្វើជាល្បែងនយោបាយរបស់ពួកគេ ក្នុងការទាញទម្លាក់ស្ថានការណ៍ឱ្យការបោះឆ្នោតមិនអាចប្រព្រឹត្តទៅដោយរលូន ដោយយុត្តិធម៌ត្រឹមត្រូវ ។ជាពិសេសកំពុងតែបំភិតបំភ័យសតិអារម្មណ៍របស់អ្នកបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ អ្វីដែលជាចំណាត់ការ និងជាការអំពាវនាវរបស់ គ.ជ.ប ទៅដល់គណៈកម្មការអចិន្ត្រៃយ៍សម្រាប់ថែរក្សាសន្តិសុខការបោះឆ្នោតឱ្យពិនិត្យមើលសកម្មភាពនេះ នឹងអនុវត្តតាមច្បាប់ លោកគាំទ្រ ពីព្រោះនេះជាទង្វើដែលបំពានច្បាប់ និងរំលោភច្បាប់ និងកំពុងតែគំរាមកំហែងសិទ្ធិរបស់ប្រជាពលរដ្ឋ ។ត្រូវយកច្បាប់មកអនុវត្តដើម្បីឱ្យជនដៃដល់ ជនអ្នកប្រព្រឹត្ត និងក្រុមពួកគេដែលជាមេខ្លោងគំនិតនៅពីក្រោយសកម្មភាពនេះ ត្រូវតែយកមកផ្តន្ទាទោស និងកាត់ទោសតាមច្បាប់ ដើម្បីធានារក្សាឱ្យបានការបោះឆ្នោតនៅពេលខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ សេរី និងយុត្តិធម៌ ដើម្បីផ្តល់ឱកាសឱ្យគ្រប់គណបក្សនយោបាយទាំងអស់ជាពិសេសគណបក្សនយោបាយទាំង ១៨ ដែលបានចុះបញ្ជីចូលរួមការបោះឆ្នោត ដោយតម្លាភាព ដោយការទទួលខុសត្រូវ។
ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាក៏បានអំពាវនាវទៅដល់ គ.ជ.ប និងគណៈកម្មការអចិន្ត្រៃយ៍រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោត ត្រូវតែស្រាវជ្រាវរកជនណា អ្នកនយោបាយណា គណបក្សនយោបាយណាដែលពីក្រោយសកម្មភាពរំលោភច្បាប់ និងបំពានសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺត្រូវតែចាប់យកមកផ្តន្ទាទោសជាគំរូ ដើម្បីឱ្យគណបក្សនយោបាយចូលរួមបោះឆ្នោតទាំង ១៨គណបក្ស គេអស់ចិត្ត។គេអាចទទួលយកលទ្ធផលនៃការបោះឆ្នោតបានកុំឱ្យមានការកើតឡើងនៅរឿងទាំងឡាយណាដែលបំផ្លិចបំផ្លាញ ឬក៏បំភិតបំភ័យប្រជាពលរដ្ឋឈានទៅដល់គោលដៅនៃការបន្ទុចបង្អាក់ការបោះឆ្នោត។
ជាមួយគ្នានេះលោក សួន សេរីរដ្ឋា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនដែលទើបគ្រប់អាយុ ១៨ឆ្នាំ ដែលត្រៀមចេញទៅបោះឆ្នោត សូមកុំចាញ់កលគំនិតនយោបាយណាមួយដែលអូសទាញប្រជាពលរដ្ឋ និងយុវជន ទៅបំផ្លាញសន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោត ឬក៏បោះបង់សិទ្ធិបោះឆ្នោតរបស់ខ្លួន ពីព្រោះយើងមានពេល ៥ឆ្នាំម្តង ដើម្បីជ្រើសរើសតំណាងរបស់យើងនៅក្នុងរដ្ឋសភា បញ្ចេញសំឡេងជ្រើសរើសអ្នកដឹកនាំរបស់យើង នេះគឺជាឱកាស ជាយន្តការប្រជាធិបតេយ្យ។ សូមប្រជាពលរដ្ឋទាំងអស់ត្រូវរួបរួមគ្នាក្រោមដំបូលសន្តិភាព ក្រោមប្រទេសដែលមានស្ថិរភាព គឺទៅបោះឆ្នោតទាំងអស់គ្នា។ កុំចាញ់បោកចាញកលអូសទាញ ឬក៏ការញុះញង់បញ្ឆេះកំហឹងពីក្រុមបក្សណាឱ្យសោះ៕ ដោយ៖ ពលជ័យ