សម្តេចតេជោ ហ៊ុន សែន ព្រមានលោក ស សាឡុងដេត មន្ត្រីគណបក្សភ្លើងទៀន ដែលបានតិះទៀនលើការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារព្រមានទៅលោក ស សាឡុងដេត មន្ត្រីគណបក្សភ្លើងទៀន ដែលបានតិះទៀន លើការរៀបចំស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាមិនយកថ្លៃសំបុត្រ មិនយកថ្លៃស្នាក់នៅនិងអាហារ ព្រមទាំងមិនយកថ្លៃលើសិទ្ធិផ្សាយ។ សារព្រមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអញ្ជើញចុះជួបកម្មករ កម្មការិនី ជាង១ម៉ឺន៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោក ស ឡុងដេត ថា មិនអនុញ្ញាតឱ្យបង្កើតឃុំមួយរបស់បក្សប្រជាជនកម្ពុជា និងឃុំមួយរបស់ភ្លើងទៀននោះឡើយ។ សម្តេចតេជោ បានប្រាប់សមត្ថកិច្ចការពារ ស ឡុងដេត ខ្លាចជនទី៣ ទៅប្រព្រឹត្តហិង្សាលើ ហើយបែរជាទម្លាក់កំហុសខាងបក្សប្រជាជនកម្ពុជាវិញ។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមប្រឹក្សាឃុំ-សង្កាត់ របស់បក្សភ្លើងទៀត កុំឱ្យជឿលើការញុះញង់របស់ ស ឡុងដេត។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើនរណាជាអ្នកទទួលបានផលចំណេញពីការស្លាប់របស់លោក កែម ឡី? បក្សប្រជាជនកម្ពុជា គ្មានអ្វីចំណេញពីការស្លាប់របស់លោក កែម ឡី នោះទេ។ សម្តេចតេជោ ថ្លែងទៀតថា ក្រុមប្រឆាំងពូកែទាញប្រយោជន៍ពី «ខ្មោច» សូម្បី «ខ្មោចឆ្កែ» ក៏ទាញប្រយោជន៍ដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យរឹបអូសផ្ទះ ចំពោះសមាជិកប្រឆាំង ដែលមិនព្រមបង់តាមការណែនាំមេរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា សូមផ្តាំទៅលោក ស ឡុងដេត ប្រជុំកាលពីថ្ងៃទី៩ ខែមិថុនា ប្រើប្រាស់ការតិះទៀនមកលើរាជរដ្ឋាភិបាលថា មិនព្រមយកលុយគេ ថាឲ្យតែគេបង្កើតកីឡាម្តងៗ គេរកយកលុយរាប់ពាន់លាន ស ឡុងដេត ប្រាប់ឲ្យហើយណា កុំឈ្លើយប្រាប់ឲ្យហើយ កុំភ្លេចថា នៅពេលប្រជុំមនុស្សរបស់សម្តេចអង្គុយស្តាប់នៅហ្នឹង។ ប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោត។ វាប្រជុំ ហើយរឿងនេះមេរបស់វាបំផុសមក កុំភ្លេចណាទំនាក់ទំនងរវាងលោកស ឡុងដេត ជាមួយនឹងមេក្បត់ជាតិ៣ជំនាន់ លោកឯងកុំភ្លេច។ ហ៊ុន សែន មិនអត់អោនឲ្យអ្នកណាទាំងអស់ដែលមានទំនាក់ទំនងជាមួយអាចោរក្បត់ជាតិ ៣ជំនាន់ មិនអត់អោនឲ្យទេ។ ហើយអ្នកណាក៏ដោយដែលផ្តាច់ខ្លួនចេញពីអាក្បត់ជាតិ ៣ជំនាន់ គឺលើកលែងទោសឲ្យទាំងអស់។ ហើយលោក ស ឡុងដេត ត្រូវចាំឲ្យច្បាស់អាក្មួយ កុំនឹកស្មានថា ហ៊ុន សែន ភ្លើឲ្យសោះ យប់មិញបំផុសយ៉ាងម៉េចជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ អត់មានឲ្យបង្កើតឃុំមួយទៅជាឃុំរបស់ភ្លើងទៀន ឃុំមួយរបស់គណបក្សប្រជាជនកម្ពុជាទេ។

បើយោងតាមខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន លើបណ្តាញ Telegram គឺលោក ស ឡុងដេត បានប្រជុំជាមួយមន្ត្រីគណបក្សភ្លើងទៀន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ

ads banner