អាជ្ញាធរខណ្ឌឫស្សីកែវ បន្ត សកម្មភាព ចុះចែកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន
ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៧ សហការជាមួយរដ្ឋបាលសង្កាត់ ក្នុងមូលដ្ឋាន ខណ្ឌឬស្សីកែវ បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានរៀងៗខ្លួន ចំនួន ៥០នាក់ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ។

សូមរំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានមានប្រសាសន៍ថា ឆ្នាំ២០២០ ជា ឆ្នាំទី៤ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម បន្ទាប់ពីបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែមិថុនា ឆ្នាំ២០១៦។ ក្នុងនោះសម្តេចក្រឡាហោម បានថ្លែងថា ផែនការយុទ្ធ សាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម គឺជាផែនការដ៏មានសារសំខាន់ មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទស្សនវិស័យជាយុទ្ធ សាស្រ្តយូរអង្វែង ក្នុងការដឹកនាំតម្រង់ទិសលើការងារគ្រប់គ្រង ទិន្នន័យអត្តសញ្ញាណប្រជាពលរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាបែប ទំនើប និងការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មដើម្បីលើក កម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា ការកែទម្រង់ប្រព័ន្ធ គ្រប់គ្រងអត្តសញ្ញាណកម្ម នៅតែជាកិច្ចការអទិភាពខ្ពស់ សម្រាប់ រាជរដ្ឋាភិបាល ដោយសារប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មប្រជា ពលរដ្ឋនេះជាឆ្អឹងខ្នងនៃប្រព័ន្ធផ្តល់សេវាទាំងអស់ ទាំងផ្នែក សាធារណៈ និងផ្នែកឯកជន ហើយជាកិច្ចការដែលកម្ពុជាត្រូវចូល រួមចំណែកក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ការងារអត្តសញ្ញាណកម្ម បានផ្ដោតលើការងារចម្បងពីរ គឺការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ដោយឡែក ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ សំដៅដល់ការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីផ្ដល់សេវានានាជូនប្រជាពលរដ្ឋដូចជាការផ្តល់សំបុត្រកំណើត អត្ត សញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ លិខិតឆ្លងដែន ការចុះឈ្មោះចូលរៀន ការចុះបញ្ជីកម្មសិទ្ធិដីធ្លី ផ្ទះសម្បែង យានយន្ត និងការចុះបញ្ជីអាជីវកម្មជាដើម៕ ដោយ ប៊ុនធី និង ភារ៉ា

