ឯកឧត្តម ចាយ បូរិន បន្តដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា អញ្ជើញសួរសុខទុក្ខ ឯកឧត្តម អ៊ិច សារូ ដល់គេហដ្ឋាន
ភ្នំពេញ ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម អ៊ិច សារូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ ឯកឧត្តម អ៊ិច សារូ និងក្រុមគ្រួសារ ។

ឯកឧត្តម អ៊ិច សារូ បានសម្តែងនូវក្តីរំភើបឥតឧបមា និងអរគុណជាអនេក ហើយក៏សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន” ។

ឯកឧត្តម អ៊ិច សារូ បានរៀបរាប់ពីប្រវត្តការងារ ដែលបម្រើការងារជាអធិការបឋមសិក្សា អនុប្រធាននាយកដ្ឋានរៀបចំ និងកសាងក្រសួងអប់រំ អ្នកទទួលខុសត្រូវផ្ទាល់ភាសាខ្មែរ ពីមត្តេយ្យដល់ក្រោយឧត្តមសិក្សា សាស្ត្រាចារ្យ ចិត្ត-គរុកោសល្យ អភិបាលរងទី១ និងជាប្រធានគណៈកម្មការបក្សខេត្តមណ្ឌលគីរី ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការបក្ស និងកសាងបក្ស និងជាអគ្គលេខាធិការរងក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលរងទី១ និងអនុប្រធានគណបក្សខេត្តប៉ៃលិន តំណាងរាស្ត្រខេត្តប៉ៃលិន បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់ រដ្ឋសភា ។

ឯកឧត្តមក៏បានសម្ដែងក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ឥស្សរជន ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។
ឯកឧត្តមប្រធានប្រតិភូ បានយកចិត្តទុកដាក់ស្តាប់នូវការរៀបរាប់ ពីចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារ យ៉ាងច្រើនឥតគណនារបស់ឯកឧត្តម អ៊ិច សារូ ទាក់ទងនឹងភាសាខ្មែរ និងការលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកបម្រើគណបក្ស ក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក ។

ឯកឧត្តម ប្រធានប្រតិភូយុវជនគណបក្ស ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់ឯកឧត្តម អ៊ិច សារូ និងជូនពរដល់ឯកឧត្តម លោកជំទាវ និងក្រុមគ្រួសារ សូមមានសុខភាពល្អ និងបានសមប្រកបតែនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕ ដោយ ហេង សម្បត្តិ