ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ ភាពរស់រាយរាក់ទាក់ និងដាក់ចិត្តថ្លើមក្នុងភារកិចច្ចការងារ និងមនុស្សនៅជុំវិញខ្លួននឹងជួយសម្រួលស្ថានការណ៍បានប្រសើរឡើង។ ចំណែកការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងការខាតបង់។ បើទោះជាលោកអ្នកស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ សូមកុំបាត់បង់ទំនុកចិត្ត ប៉ុន្តែរកវិធីសាស្រ្តជាថ្មី ពីព្រោះស្ថានភាពនេះជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកថ្ងៃនេះធំណាស់ ប៉ុន្តែសូមរស់នៅដោយធម្មតា។ ការសំដែងចេញនូវភាពជោគជ័យ អាចបណ្តាលឲ្យមានមនុស្សឈ្នានីស ដូច្នេះស្ងប់ស្ងាត់ជាការប្រសើរ។ រាសីថ្ងៃនេះសន្យាផ្តល់នូវភាគជោគជ័យជាទីពេញចិត្ត ប៉ុន្តែវាគួរតែមិនខាតបង់អ្វីទេ ប្រសិនបើអ្នកព្យាយាមស្វែងរកជំនាញវិជ្ជាជីវបន្ថែម។ ដោយឡែក ប្រសិនបើសមានគម្រោងផ្លាស់ប្តូរការងារ សូមកុំបារម្ភ ការងារថ្មីនឹងអាចផ្តល់ផលល្អដល់អ្នក។ ហើយវាកាន់តែប្រសើរបើអ្នកធ្វើកិច្ចការតាមផែនការ និងខំប្រឹងប្រែងជានិច្ច បើទោះជាជួប្រទះនូវបញ្ហាតិចតួចក្តី។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែងតួនាទីល្អ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ ក៏ប៉ុន្តែសូមមានការប្រុងប្រយ័ត្នបញ្ហានៅក្នុងក្រុមការងារ ព្រោះលោកអ្នកអាចនឹងបង្កើតកំហុសនឹងមនុស្សរួមការងារ ឬដៃគូអាជីវកម្ម។ ក្នុងពេលនេះក៏មានអំណោយផលល្អប្រសើរបំផុត សម្រាប់ការចាកចេញ ការបង្កើតស្នាដៃថ្មី និងការតាំងបង្ហាញផងដែរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ រកស៊ីជួញដូរ នឹងទទួលបានផលល្អលើសពីការរំពឹងទុក។ កុំខ្លាចធ្វើទំនាក់ទំនង ឬបណ្តាក់ទុនការងារធំ។ ពេលវេលាសំណាងរបស់លោកអ្នក គឺពេលរសៀលប៉ុន្តែចូរប្រយ័ត្នសំដី។ សម្រាប់កិច្ចការងារ និងហិរញ្ញវត្ថុ លោកអ្នកអាចទទួលចំណូលថ្មី ប៉ុន្តែកុំរំពឹងថានឹងទទួលបានប្រាក់ចំណេញរហ័សពេក។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានដំណឹងទាក់ទងនឹងដំណើរបេសកកម្មការងារផ្លូវឆ្ងាយ ហេតុនេះសូមព្យាយាមបញ្ចប់ការងារអោយបានរួចរាល់ និងស្វែងយល់បន្ថែមអំពីគោលដៅ របស់អ្នក។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកំហឹងនៅកៀកនឹងអ្នក ចូរបោះបង់រឿងរ៉ាវតូចតាចចោលឲ្យអស់ ហើយរៀនអនុគ្រោះដើម្បីកុំឲ្យខាតលាភ។ ត្រូវគ្រប់គ្រងអារម្មណ៍ កុំឲ្យគេចាប់ថ្នាក់បានឲ្យសោះ។ ត្រូវមានភាពទន់ភ្លន់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងការជឿទុកចិត្តរបស់អ្នកជុំវិញខ្លួន។ អ្នកអាចក្លាយជាជនរងគ្រោះ នៃឧបាយកលរបស់អ្នកដទៃ ចូរកុំឆ្លើយតបនឹងហេតុការណ៍អ្វីទាំងអស់។ បើទោះបីជាយ៉ាងនោះក្តី អ្វីៗមិនចេះតែទទួលបាននូវភាពអវិជ្ជមានទេ ពីព្រោះលោកអ្នកអាចនឹងកែប្រែស្ថានការណ៍បានយ៉ាងប្រសើរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម និងការងារឲ្យសោះ។ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារមានពន្លឺហើយនៅថ្ងៃនេះ។ សំណាងរបស់លោកអ្នក គឺមាននៅពេលព្រឹក ដូច្នេះសូមរក្សាអាកប្បកិរិយាឲ្យល្អ កុំឈ្លោះប្រកែកជាមួយមនុស្សផ្ទុយភេទ។ ចូររក្សាចិត្តឲ្យហ្នឹង អត់ធ្មត់ ហើយដើរចេញពីជម្លោះ ពីព្រោះវានឹងធ្វើឲ្យអាជីវកម្មរបស់អ្នកខាតបង់។ ក្រៅនេះលោកអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញដើម្បីគ្រប់គ្រងភាពអវិជ្ជមាននានាផងដែរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន ប៉ុន្តែមានអ្នកច្រណែនក៏ច្រើនដែរ។ សម្រាប់អ្នកប្រកបការងារ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែចូររក្សាទំនាក់ទំនងជាមួយចៅហ្វាយនាយឲ្យបានល្អ។ សូមកុំខ្វល់ខ្វាយជាមួយបញ្ហាតូចតាច ពីព្រោះអ្វីៗនៅក្នុងថ្ងៃនេះស្ថិតក្នុងការគ្រប់គ្រង។ ថ្ងៃនេះលោកអ្នកមានអំណោយផលខ្លាំងចំពោះភាពទាក់ទាញខាងក្រៅ ដូច្នេះសូមគិតគូរអំពីការតុបតែងខ្លួនឡើងវិញ ដើម្បីអាចទទួលបានលទ្ធភាពវិជ្ជមានក្នុងការធ្វើទំនាក់ទំនងផ្នែកមុខរបរការងារ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកនៅទ្រឹងមួយកន្លែង ប៉ុន្តែសូមកុំបារម្ភ ប្រសិនជាអ្នកមិនទាន់ទទួលដំណឹងពីថ្នាក់លើ សូមបន្តកិច្ចការងាជាធម្មតា និងធ្វើអ្វីឲ្យមានភាពទាក់ទាញ។ លោកអ្នកនឹងឆាប់មានកំហឹង សូម្បីរឿងតូចតាច និងមិនទាក់ទងលោកអ្នកក្តី។ កាត់បន្ថយការគិតច្រើនរឿងដែលគ្មានប្រយោជន៍ ធ្វើខ្លួនឲ្យរីករាយដើម្បីទាក់ទាញប្រយោជន៍ដល់ការងារ និងមុខរបររកស៊ីជាថ្មី។ សូមរក្សាទំនាក់ទំនងឲ្យបានល្អ ស្ងប់ស្ងាត់ទើបបានផលល្អ។ ក្រៅពីនេះ សូមប្រយ័ត្នមាត់ ក្រែងមានជម្លោះ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានសញ្ញាណនៃភាពរីករាយគ្រប់ទិសទី។ ការងារ និងមុខរបររបស់អ្នករីកចម្រើនខ្លាំងណាស់ ចំណែកលុយកាក់វិញហូរចូលយ៉ាងសន្ធឹកសន្ធាប់ ប៉ុន្តែរក្សាភាពជោគជ័យនេះ ព្រោះគ្មានប្រយោជន៍អីត្រូវអួតអាងទេ។ ស្ងប់ស្ងាត់ឲ្យដូចជាទឹក។ ពេលវេលាល្អសម្រាប់ធ្វើកិច្ចការ និងពិធីមង្គលមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកអាចសម្រេចធ្វើពេលណាក៏បានផលល្អដែរ។ ក្រៅពីនេះ សូមលោកអ្នករក្សាភាពអត់ធ្មត់បន្ថែម បើទោះបីជាមានផលរំខានពីមជ្ឈដ្ឋានខាងក្រៅក្តី។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកត្រូវចំណាយកំលាំងកាយ ចិត្តយ៉ាងណារក្សាការរស់នៅប្រចាំថ្ងៃឲ្យបានល្អ។ កុំពាក់ព័ន្ធនឹងជម្លោះ ហើយប្រុងប្រយ័ត្នក្នុងមុខរបរអាជីវកម្ម និងការងារ។ អ្នកអាចសង្គ្រោះខ្លួនឲ្យចេញពីបញ្ហាប្រសិនបើអ្នករក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ ប៉ុន្តែលោកអ្នកនឹងមានមនុស្សជុំវិញខ្លួនគាំទ្រ។ ពេលវេលាក្នុងថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងសម្រាប់លោកអ្នកដែលប្រកបអាជីវកម្ម ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរបង្ហាញគោលគំនិត ឬការបោះជំហានទៅលើអាជីវកម្មថ្មីៗ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងមានសំណាងទ្វេរដងក្នុងថ្ងៃនេះ។ ទ្រព្យសម្បត្តិ មុខតំណែងនឹងមករកអ្នកក្នុងពេលនេះ ដូច្នេះលោកអ្នកគ្មានអ្វីដែលត្រូវបារម្ភនោះទេ។ ប៉ុន្តែសូមរក្សាឲ្យបានរវាងកេរ្តិ៍ឈ្មោះ និងភាពជោគជ័យនៃអាជីពការងារ។ ការបណ្តាក់ទុនលើកិច្ចការងារថ្មី ប្រព្រឹត្តិទៅដោយសញ្ញាណជោគជ័យ និងមានលក្ខណៈរឹងមាំ។ ថ្ងៃនេះមានអំណោយផលខ្លាំងចំពោះការសម្រេចចិត្តលើការងារតូចធំទាំងអស់ ប៉ុន្តែការងារជាក្រុមនឹងផ្តល់នូវភាពជោគជ័យច្រើនជាងការធ្វើការម្នាក់ឯង។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ។ អ្នកធ្វើការរាជការនឹងអាចទទួលបានដំណឹងល្អទាក់ទងនឹងឳកាសការងារដ៏រីករាយ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានប្រាក់ចំណេញយ៉ាងច្រើន ប៉ុន្តែលោកអ្នកមិនត្រូវមានចរិករឹងរូសនោះទេ រស់នៅដោយស្ងប់ស្ងាត់នោះសំណាងផ្នែកហិរញ្ញវត្ថុកើនឡើងទ្វេរគុណ។ សម្រាប់សេចក្តីសុខ សូមលោកអ្នកធ្វើការដាក់ទាន ឬចែករំលែកធនធានខ្លះទើបជាការល្អប្រសើរ។
ចំណាំៈ
ឆ្នាំទាំង៦ ឆ្លូវ ខាល ថោះ វក ច កុរ រាសីឡើងខ្ពស់ត្រដែត។