បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញនូវគន្លឹះសំខាន់បី នៃការកសាងសមិទ្ធផលសាសនា (Video Inside)
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីសម្ពោធសមិទ្ធិផលសាសនាក្នុងរាជធានីភ្នំពេញថា «សន្តិភាព, សិទ្ធិសេរីភាព និងជីវភាព» គឺជាគន្លឹះសំខាន់ ៣ ដែលបង្កលក្ខណៈដល់ការកសាងសមិទ្ធផលទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
ប្រសាសន៍ថ្លែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងក្នុងពិធីសម្ពោធអគារធម្មសាលា, ព្រះពុទ្ធរូបចតុទិស និងសមិទ្ធផលនានា នៅក្នុងវត្តភ្នៀតសិម្ពលី ស្ថិតក្នុងសង្កាត់ស្នោរ ក្នុងខណ្ឌកំបូល នៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៣។
វិស័យសាសនាបានរស់រានមានជីវិតសាឡើងវិញក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីថ្ងៃរំដោះ៧ មករា, ការលើកស្ទួយវិស័យសាសនាឡើងវិញ ត្រូវបានចាត់ទុកជាអាទិភាពមួយក្នុងចំណោមកិច្ចការជាច្រើន។ លោកបានថ្លែង កិច្ចការលើកស្ទួយវិស័យសាសនានាអតីតកាលនោះ មិនមែនងាយស្រួលឡើយ ពីព្រោះនៅពេលនោះ រដ្ឋាភិបាលត្រូវប្រើដៃម្ខាងទប់ស្កាត់ការវិលមកវិញនៃរបបខ្មែរក្រហម ចំណែកដៃម្ខាងទៀត ត្រូវរៀបចំស្តារកសាងសង្គម-សេដ្ឋកិច្ចឡើងវិញ។
លោកបានថ្លែងថាបច្ចុប្បន្ន នៅទូទាំងប្រទេស, កម្ពុជាមានវត្តព្រះពុទ្ធសាសនាប្រមាណជាង ៥ពាន់វត្ត និងព្រះសង្ឃជាង ៧ ម៉ឺនអង្គ។ លោកបានថ្លែងថាក្រៅពីព្រះពុទ្ធសាសនា, នៅទូទាំងប្រទេស មានសាសនាផ្សេងៗជាច្រើនទៀត ដែលពលរដ្ឋបាន និងកំពុងគោរពប្រណិបតន៍ក្រោមពន្លឺសុខសន្តិភាព របស់រាជរដ្ឋាភិបាល ដែលបង្កើតបានជាសុខដុមនីយកម្មសាសនា ដែលជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការបង្កើតសន្តិភាព។