២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ១ពាន់ករណី (Video Inside)

ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាបានបន្តរកឃើញឆ្លងថ្មី ៨ករណី ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី ៨ករណីនៅថ្ងៃនេះ ជាតួលេខឆ្លង កើនឡើងវិញចំនួន ៧ករណី ថែមទៀតបើប្រៀបធៀបនឹងម្សិលមិញ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨៦៣ករណី ដែលជាតួលេខឆ្លងបន្តថយចុះថែមទៀតចំនួន ១៩៣ករណីធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៤១៨ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងចំនួន ៨ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ប្រុយណេ និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២២ម៉ឺន ៧ពាន់ ១៣៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ១១៥នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩០លានករណី, និងការស្លាប់មានជាង ៦លាន ៨៩ម៉ឺននាក់៕

ads banner