លោក សួន សេរីរដ្ឋា៖ មានរឿង៣ ដែលគ្រប់អ្នកនយោបាយនិងគណបក្សនយោបាយទាំងអស់ ត្រូវគោរពទទួលយកនូវតម្លៃសច្ចភាពជាប្រវត្តិសាស្ត្រ

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយបានថ្លែងថា មានរឿង៣ ដែលគ្រប់អ្នកនយោបាយនិងគណបក្សនយោបាយទាំងអស់ ត្រូវគោរពទទួលយកនូវតម្លៃសច្ចភាពជាប្រវត្តិសាស្ត្រ ដែលគ្រប់គ្នាត្រូវគោរពដឹងគុណ ហើយមិនត្រូវយកមកនិយាយវ៉ៃប្រហាររិះគន់ ឬដាក់ក្នុងរបៀបវារៈនយោបាយរបស់ខ្លួនដើម្បី បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យយល់ច្រឡំនោះគឺ៖
១-សច្ចភាពនៃថ្ងៃ ៧ មករា ១៩៧៩ ដែលជាថ្ងៃរំដោះអាយុជីវិតខ្មែរទាំងអស់គ្នាពីរបបគុកឥតជញ្ជាំង ឱ្យបានរស់រាន មានជីវិតសាជាថ្មី…
២-គុណតម្លៃនៃសន្តិភាព ដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវការឯកភាពជាតិ បញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរ ទទួលបានសន្តិភាពពេញលេញ តាំងពីក្រោយថ្ងៃ ២៩ ធ្នូ ១៩៩៨ រហូតមកដល់ថ្ងៃនេះ… និង
៣-នយោបាយបោះបង្គោលព្រំដែនតាមព្រំដែនដីគោកជាប់ជាមួយបណ្តាប្រទេសជិតខាងទាំងអស់នៅជាប់កម្ពុជា ដើម្បីធានាឱ្យកម្ពុជា មានបង្គោលព្រំដែនជាក់លាក់ជាមួយនឹងប្រទេសជិតខាង លែងជាព្រំដែនតាមមាត់ តាមចាំតគ្នា ឬតាមតែផែនទីបន្សល់ទុកផ្សេងៗគ្នាទៀត។

៣ចំណុចនេះ គឺជាគុណតម្លៃ ជាមរតកនយោបាយប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានពលីកម្មគ្រប់យ៉ាង ដើម្បីយកមកជូនប្រជាជាតិនិងមាតុភូមិកម្ពុជា ហើយដែលបានផ្តល់ប្រយោជន៍វែងឆ្ងាយឱ្យគ្រប់គ្នាដោយមិនប្រកាន់និន្នាការនយោបាយមកពីណាទេ។

លោកបន្តថា ដូចនេះ អ្នកនយោបាយមកពីគ្រប់បក្សនយោបាយទាំងអស់ ត្រូវធ្វើនយោបាយដោយឈរលើស្មារតីឯកភាពជាតិ ហ៊ានទទួលយកការពិត ហ៊ានឱ្យតម្លៃ និងគោរពដឹងគុណ ការដឹកនាំរបស់សម្តេចតេជោ ដែលបានរំដោះអាយុជិវិត ជីដូន ជីតា ឪពុកម្តាយ សាច់ញ្ញាត្តិរបស់ខ្លួន ឱ្យរួចផុតពីការកាប់សម្លាប់ ទើបខ្លួនអាចមានកំណើត បានរៀនសូត្រ ចេះចេញមកធ្វើនយោបាយ… ហើយបានធ្វើនយោបាយប្រកួតប្រជែងនយោបាយក្នុងពេលដែលប្រទេមានសន្តិភាពពេញលេញ និងក្នុងពេលដែលកម្ពុជា កំពុងដំណើរការនយោបាយចរចាបោះបង្គោលព្រំដែនគោករបស់ប្រទេសឱ្យប្រទេសទាំងមូល មានបង្គោលព្រំដែនត្រឹមត្រូវជាមួយបរទេសជិតខាង ដើម្បីកុំឱ្យបន្តមានការឈ្លោះប្រកែកជាមួយប្រទេសជិតខាង ករណីព្រំដែននេះបន្តទៀត៕
ដោយ៖ពលជ័យ

ads banner