មនុស្សរាប់រយនាក់បានបាត់ខ្លួនបន្ទាប់ពីទូកនេសាទដឹកជនភៀសខ្លួនមួយបានលិចនៅសមុទ្រក្រិក
អឺរ៉ុប៖ យ៉ាងហោចណាស់ ជនភៀសខ្លួនចំនួន ៧៩នាក់ បានលង់ទឹកស្លាប់ កាលពីព្រឹកថ្ងៃពុធ ខណៈមនុស្សរាប់រយនាក់ទៀតអាចនឹងបន្តបាត់បង់ជីវិត ឬបាត់ខ្លួន បន្ទាប់ពីទូកដឹកលើសចំណុះបានក្រឡាប់ ហើយលិចនៅកណ្តាលសមុទ្រ ប្រទេសក្រិក ដែលនេះគឺជាគ្រោះមហន្តរាយការដឹកជញ្ជូនដ៏អាក្រក់បំផុតមួយរបស់អឺរ៉ុប។
ខណៈ កិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកនៅរស់រានមានជីវិតកំពុងបន្ត អង្គការសប្បុរសធម៌ជួយសង្រ្គោះរបស់អឺរ៉ុបបានឱ្យដឹងថា ខ្លួនជឿថាទូកនេសាទនោះមានប្រវែង ២០-៣០ ម៉ែត្រ ហើយផ្ទុកមនុស្សប្រហែល ៧៥០ នាក់នៅពេលវាបានលិចនោះ។ ចំណែកអាជ្ញាធរក្រិកបាននិយាយថា វាហាក់ដូចជាឆាប់ពេកក្នុងការប៉ាន់ស្មានចំនួននៅពេលនេះ។
បើតាម Alarm Phone ជាគម្រោងដែលដំណើរការតាំងពីឆ្នាំ ២០១៤ ដោយអ្នកស្ម័គ្រចិត្តមកពីអឺរ៉ុប
ទុយនេស៊ី និងម៉ារ៉ុក ដែលប្តេជ្ញាចិត្តក្នុងការជួយសង្គ្រោះជនភៀសខ្លួនតាមសមុទ្រ បាននិយាយថា ខ្លួនទទួលបានការជូនដំណឹងពីមនុស្សនៅលើកប៉ាល់ដែលមានការភ័យខ្លាច ពីប្រទេសក្រិកកាលពីល្ងាចថ្ងៃអង្គារ ក៏ប៉ុន្តែស្រាប់តែបាត់ទំនាក់ទំនងភ្លាមៗ។
Alarm Phone បានបញ្ជាក់នៅលើ Twitter ថា៖ «បើយោងតាមការជូនដំណឹងនោះ មានមនុស្សចំនួន ៧៥០ នាក់នៅលើទូក ឥឡូវនេះយើងឮរបាយការណ៍អំពីការលិចកប៉ាល់ ហើយការភ័យខ្លាចរបស់ពួកគេនោះគឺជាការពិត»។
អាជ្ញាធរក្រិកបានបញ្ជាក់ថា វាមិនទាន់ច្បាស់ទេថា តើកប៉ាល់នេះផ្ទុកមនុស្សចំនួនប៉ុន្មាននៅពេលវាលិច តែមកទល់ពេលនេះមានមនុស្សចំនួន ១០៤ នាក់ហើយដែលត្រូវបានជួយសង្គ្រោះ។
អ្នកនាំពាក្យឆ្មាំសមុទ្រ លោក Nikos Alexiou បានប្រាប់ទូរទស្សន៍ MEGA របស់ប្រទេសក្រិកថា «វាមិនមានសុវត្ថិភាពទេក្នុងការផ្តល់ជាតួលេខជាក់លាក់ យើងមិនដឹងថាតើមានមនុស្សប៉ុន្មាននាក់ត្រូវបានផ្ទុកនោះទេ ព្រោះនៅលើទូកពោរពេញដោយមនុស្សពេញតែម្តង»។
ឆ្មាំសមុទ្របានបន្ថែមថា ជាងនេះទៅទៀតនោះ អ្នកកាន់កាប់ទូកនោះបានបដិសេធទទួកយកជំនួយកាលពីល្ងាចថ្ងៃអង្គារ។
ប្រទេសក្រិកគឺជាច្រកដ៏សំខាន់មួយសម្រាប់ការធ្វើដំណើរចូលទៅក្នុងសហភាពអឺរ៉ុបសម្រាប់ជនភៀសខ្លួន និងជនចំណាកស្រុកមកពីមជ្ឈិមបូព៌ា អាស៊ី និងអាហ្វ្រិក ដោយភាគច្រើនឆ្លងចូលកោះរបស់ប្រទេសក្រិក ពីតំបន់របស់ទួរគីដែលនៅក្បែរនោះ។
ក៏ប៉ុន្តែចាប់តាំងពី រដ្ឋបាលអភិរក្សនិយមនៃប្រទេសក្រិក របស់លោក Kyriakos Mitsotakis បានណែនាំឱ្យមានការឃ្លាំមើលតឹងរ៉ឹងជាងមុននៅជំរុំជនភៀសខ្លួន។ ការជ្រើសរើសធ្វើដំណើរដ៏វែងឆ្ងាយមានការកើនឡើង ហើយវាមានគ្រោះថ្នាក់ជាងមុន ពោលគឺជាការធ្វើដំណើរពីប្រទេសទួរគីទៅកាន់ប្រទេសអ៊ីតាលី តាមរយៈប្រទេសក្រិកនេះ។
ទូរទស្សន៍រដ្ឋ ERT បាននិយាយថា ទូកដែលបានលិចគឺកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ដោយបានចេញដំណើរពីទីក្រុង Tobruk នៃប្រទេសលីប៊ី ដែលស្ថិតនៅភាគខាងត្បូងនៃកោះ Crete របស់ប្រទេសក្រិក។ បើទោះបីជាយ៉ាងណាអាជ្ញាធរក្រិកមិនបានបញ្ជាក់ពីច្រកចេញដំណើររបស់ទូកមួយនោះទេ។
ការលិចកប៉ាល់ គឺជាគ្រោះមហន្តរាយអាក្រក់បំផុតនៅក្រិចក្នុងឆ្នាំនេះ និងជាគ្រោះមហន្តរាយអាក្រក់បំផុតមួយនៅអឺរ៉ុប។ កាលពីខែកុម្ភៈ មនុស្សចំនួន ៩៦ នាក់បានស្លាប់នៅពេលដែលទូកឈើរបស់ពួកគេបានបុកថ្មនៅលើឆ្នេរ Calabrian របស់ប្រទេសអ៊ីតាលី អំឡុងពេលមានព្យុះ៕
ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ At least 79 drown, hundreds missing in migrant shipwreck off Greece