ប្រមុខរាជរដ្ឋាភិបាលអំពាវនាវកម្មករបន្តថែរក្សាសន្តិភាព (Video Inside)
ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវកម្មករ និងកម្មការីនី បន្តថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងប្រទេស ដែលសេចក្តីអំពាវនាវនេះ បានធ្វើឡើងក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិង វិជ្ជាជីវៈលើកទី៦។
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលហៅកាត់ថា TVET បានឈានមកដល់នៅថ្ងៃទី១៥មិថុនានេះ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ»។
កម្ពុជាក្នុងម្លប់សន្តិភាពក្រោមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន, ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានជួយបង្កើនលើបំណិនជីវិត របស់កម្មករ និងតាមរយៈនេះបានជួយលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជាជាខ្លាំង។
សេដ្ឋកិច្ចកម្ពុជាក្នុងពេលដែលប្រទេសទើបមានសន្តិភាពពិតប្រាកដជាង២០ឆ្នាំកន្លងមកនេះ បានកើនឡើងជាប្រចាំឆ្នាំក្នុងអត្រាមធ្យម៧ភាគរយ និងបានជួយផ្តល់លំនឹងដល់ស្ថានភាពទីផ្សារ ការងារនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ។ ប៉ុន្តែការប៉ុនប៉ងរបស់ក្រុមធ្វើនយោបាយប្រឆាំង ដើម្បីចង់នាំកម្ពុជា ដែលមានសន្តិភាពធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាឡើងវិញ នៅតែមានរូបភាពគំរាមមកលើសន្តិភាពកម្ពុជានៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន ក្នុងសារលិខិត នៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៣ បានផ្តល់អនុសាសន៍៧ចំណុ ចក្នុងនោះចំណុចទី១ គឺ «បន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តអភិវឌ្ឍន៍មូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាពដើម្បីបង្កើនផលិតភាព, ភាពប្រកួតប្រជែង, កំណើនសេដ្ឋកិច្ចខ្ពស់, ការបង្កើតការងារថ្មី កាន់តែល្អ និងរក្សាការងារដែលមានស្រាប់ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង»។