កម្ពុជាទទួលមូលនិធិ ២លានដុល្លារ នៃគម្រោងសហប្រតិបត្តិការមេគង្គឡានឆាង (Video Inside)
កម្ពុជានិងប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៣។ កិច្ចសហប្រតិបត្តិការមេគង្គឡានឆាង គឺជាកិច្ចសហប្រតិបត្តិការបង្កើតក្នុងឆ្នាំ២០១៥។ ប្រទេសចំនួន៦ បានចួលរួមក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនោះ រួមមានប្រទេសចិន…មីយ៉ាន់ម៉ា… ឡាវ…ថៃ…កម្ពុជា និងវៀតណាម។
ការចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការបរទេស រវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជារដ្ឋមន្រ្ដីការបរទេស និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាលោក វ៉ាង វិនធាន។ ក្នុងក្របខ័ណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣នេះ, កម្ពុជាទទួលប្រាក់២លានដុល្លារ សម្រាប់អនុវត្តគម្រោងសរុបចំនួន០៩នៅក្នុងប្រទេសកម្ពុជា។
ទន្លេមេគង្គដែលមានប្រវែង៤ពាន់៨៨០គីឡូម៉ែត្រ គឺជាទន្លេទី១២ ដែលវែងជាងគេបំផុតរបស់ពិភពលោក និងក៏ជាទន្លេដែលលាតសន្ធឹងឆ្លងកាត់ប្រទេសទាំង៦ គឺកម្ពុជា ចិន ឡាវ វៀតណាម ថៃ និងប្រទេសមីយ៉ាន់ម៉ា។
កំណាត់ទន្លេមេគង្គដែលហូរឆ្លងកាត់ប្រទេសចិន ត្រូវអ្នកស្រុកនៅទីនោះ ហៅថាទន្លេឡានឆាង។ ទន្លេមេគង្គឡានឆាង គឺជាប្រភពដ៏សំខាន់មួយ នៃការរស់នៅពឹងផ្អែករបស់ពលរដ្ឋជាង ៦០លាននាក់ ជាពិសេសគឺជាប្រភពនៃការរកត្រី… ម្ហូប អាហារ…ប្រភពទឹក…ប្រភពដឹកជញ្ជូន និងជាប្រភពពឹងផ្អែកជាច្រើនទៀត។