កម្ពុជា ជាប្រទេសទីមួយដែលបានចុះហត្ថលេខាលើ«ក្រមអន្តរជាតិស្ដីពីការការពារទេសចរ» ដែលផ្តួចផ្តើមដោយអង្គការទេសចរណ៍ពិភពលោក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កម្ពុជា ជាប្រទេសទីមួយដែលបានចុះហត្ថលេខាទទួលស្គាល់ និងអនុវត្ត «ក្រមអន្តរជាតិស្ដីពីការការពារទេសចរ» ដែលផ្តួចផ្តើមដោយអង្គការទេសចរណ៍ពិភពលោក ដែលក្រមអន្តរជាតិនេះមានគោលបំ​ណង​ បង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ និងជំរុញការធ្វើដំណើររបស់ទេសចរនៅទូទាំងពិភពលោក។

ការចុះហត្ថលេខាទទួលស្គាល់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ ក្រោយពីកម្ពុជាបានចុះហត្ថលេខាទទួលស្គាល់ក៏មានប្រទេសជាសមាជិកផ្សេងទៀត បានចុះហត្ថលេខាទទួលស្គាល់ជាបន្តបន្ទាប់ផងដែរ។ នេះបើតាមប្រភពក្រសួងទេសចរណ៍។

សូមរំឮកថា បន្ទាប់ពីកើតមានករណីប្រទេសមួយចំនួនមិនព្រមទទួលសង្គ្រោះភ្ញៀវទេសចរលើនាវាទេសចរណ៍ MS WESTERDAM ដែលជាប់នៅលើមហាសាគរកាលពីអំឡុងឆ្នាំ២០២០ អង្គការទេសចរណ៍ពិភពលោក (UNWTO) ក៏បានសម្រេចរៀបចំបង្កើតនិងអនុម័ត «ក្រមអន្តរជាតិស្ដីពីការការពារទេសចរ ឬ International Code for Protection of Tourists» ដើម្បីឱ្យប្រទេសជាសមាជិកបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ។

នៅក្នុងកិច្ចប្រជុំរួមនៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោកលើកទី៣៥ អង្គការពិភពលោកនេះបានប្រកាសអនុម័តលើក្រមអន្តរជាតិស្ដីពីការការពារទេសចរជាធរមាន ។ ក្នុងនោះលោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី (Zurab Pololikashivili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បានបញ្ជាក់ថា ការរៀបចំបង្កើតនិងអនុម័តក្រមអន្តរជាតិស្ដីពីការការពារទេសចរនេះ គឺមានគោលបំណងដើម្បីបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ និងជំរុញការធ្វើដំណើររបស់ទេសចរនៅទូទាំងពិភពលោក។

ក្នុងពិធីចុះហត្ថលេខាទទួលស្គាល់ខាងលើឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ពីការគាំទ្រគំនិតផ្តួចផ្តើមរបស់អង្គការទេសចរណ៍ពិភពលោក ក្នុងការរៀបចំ និងអនុវត្តក្រមអន្តរជាតិស្ដីពីការការពារទេសចរ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតជូនឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះហត្ថលេខាទទួលស្គាល់ និងគាំទ្រក្រមអន្តរជាតិនេះក្នុងនាមជាប្រទេសដំបូងគេបង្អស់។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណចំពោះលោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី (Zurab Pololikashivili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ដែលបានធ្វើលិខិតគាំទ្រ និងកោតសរសើរកម្ពុជាចំពោះករណីនាវាទេសចរណ៍ MS WESTERDAM ដែលធ្វើឱ្យបណ្តាប្រទេសជុំវិញពិភពលោកកាន់តែស្គាល់ និងចាត់ទុកកម្ពុជាជា «ប្រទេសតូច ប៉ុន្តែមានចិត្តទូលាយ»។

ជាមួយគ្នានេះឯកឧត្តម ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការរៀបចំក្រមអន្តរជាតិនេះ គឺផ្តើមចេញពីការវាយតម្លៃខ្ពស់របស់អង្គការទេសចរណ៍ពិភពលោក និងប្រទេសសមាជិកចំពោះប្រសិទ្ធភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ១៩ នាពេលកន្លងមក។

ឯកឧត្តមបន្តថា៖«ពិសេសគឺកាលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ MS WESTERDAM​ ចូលចតនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយសង្គ្រោះអាយុជីវិតទេសចរអន្តរជាតិប្រមាណ២ ០០០នាក់ ដែលនៅជាប់គាំងនៅលើនាវាកណ្តាលផ្ទៃសមុទ្រ»៕

ដោយ៖ សុខ រក្សា

ads banner