អង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៊ីប៉ាស៊ីហ្វិក (TPO) ចង់ឱ្យទីក្រុងសំខាន់ៗរបស់កម្ពុជា ចូលជាសមាជិកខ្លួន ដើម្បីពង្រីការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍

(ភ្នំពេញ)៖ ទីក្រុងសំខាន់ៗរបស់ប្រទេសកម្ពុជា ដែលមានសក្ដានុពលទេសចរណ៍ ដូចជារាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបងជាដើម ត្រូវបាន វាយតម្លៃថា អាចក្លាយជាសមាជិកអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់ បណ្ដាទីក្រុង នៅអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ TPO ដែលនឹងទទួលបានគុណប្រយោជន៍យ៉ាងច្រើនផ្នែក ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ទៅកាន់អន្តរជាតិ។

ការវាយតម្លៃនេះត្រូវបាលើកឡើងដោយផ្ទាល់ចេញពីលោក វូ ឃ្យុងហា (WOO Kyoungha) អគ្គលេខាធិការអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុង នៅអាស៊ីប៉ាស៊ីហ្វិក (TPO) ក្នុងពេលជំនួបពិភាក្សាការងារជាមួយប្រតិភូក្រសួង ទេសចរណ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

លោកអគ្គលេខាធិការ វូ ឃ្យុងហា បានកោតសរសើរចំពោះការគ្រប់គ្រង ការអភិវឌ្ឍ នៅតាមបណ្ដាទីក្រុងមួយចំនួនរបស់កម្ពុជា ហើយលោកក៏បានបញ្ជាក់ថា ទីក្រុងទាំងនោះក៏អាចក្លាយជាសមាជិកអង្គការ TPO បាន ដូចជារាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបងជាដើម ។

លោកអគ្គលេខាធិការបានបញ្ជាក់ថា គុណប្រយោជន៍ដែលបានពីការចូលជាសមាជិក អង្គការ TPO នេះ គឺជំរុញការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ នៅតាមទីក្រុង ជា សមាជិកទាំងនោះទីកាន់បណ្ដាញក្នុងអង្គការ និងទៅកាន់ពិភពលោក។ ក៏ចាំបាច់ផងដែរ ក្នុងការអនុញ្ញាតឱ្យរដ្ឋបាលក្រុងសមាជិកនីមួយៗអាចផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអភិវឌ្ឍ ការគ្រប់គ្រង ការរៀបចំសោភ័ណភាព ការពង្រីកសក្ដានុពលទេសចរណ៍ ក៏ដូចជាការ ដោះស្រាយបញ្ហាប្រឈមនានាពីគ្នាទៅវិញទៅមក ។

ឯកឧត្តម ថោង ខុន ក៏បានទទួលស្វាគមន៍ចំពោះការលើកឡើងនេះ និងបានប្រគល់ ការងារមកអគ្គនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ដើម្បីសហការទំនាក់ទំនងជាមួយលេខាធិការដ្ឋានរបស់អង្គការ TPO បន្តការងារពាក់ព័ន្ធផ្សេងទៀត ដើម្បីផលប្រយោជន៍សម្រាប់វិស័យទេសចរណ៍ កម្ពុជា និយាយជារួម និងសម្រាប់ទីក្រុងសំខាន់ៗរបស់កម្ពុជា និយាយដោយឡែក។

លោកអគ្គលេខាធិការអង្គការ TPO បានបញ្ជាក់ទៀតថា អង្គការលោកនឹងអាចអញ្ជើញ តំណាងរដ្ឋបាលទីក្រុងសំខាន់ៗរបស់កម្ពុជាចូលរួមក្នុងមហាសន្និបាតរបស់អង្គការ ដែលគ្រោងធ្វើឡើងនាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឃ្យុងយូ ប្រទេស កូរ៉េខាងត្បូង ក្នុងនាមជាបេក្ខភាពទីក្រុងសង្កេតការណ៍។ ប្រសិនបើមានការវាយតម្លៃ ត្រឹមត្រូវគ្រប់លក្ខខណ្ឌ នោះទីក្រុងសំខាន់ៗរបស់កម្ពុជា ខាងលើនឹងអាចក្លាយជា សមាជិកពេញសិទ្ធិនៃអង្គការ TPO តែម្ដង។

លោក វូ ឃ្យុងហា បានបន្ថែមថា បច្ចុប្បន្នមានទីក្រុងអាស៊ានមួយចំនួន ដែលបានចូលជា សមាជិកអង្គការ TPO ដូចជានៅប្រទេសវៀតណាម ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ទីម័រខាងកើត ខណៈប្រទេសខ្លះមានទីក្រុងលើសពី១០ ដែលបានចូលជា សមាជិក ។
គួរជម្រាបថា អង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ TPO ត្រូវបានបង្កើតនៅឆ្នាំ២០២២ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង ប៊ូសាន ប្រទេសកូរ៉េខាងត្បូង៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner