លោក គង់ រ៉ៃយ៉ា សមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន និងជាបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលភ្នំពេញ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក គង់ រ៉ៃយ៉ា សមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន និងជាបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលភ្នំពេញ នៃគណបក្សភ្លើងទៀន បានធ្វើលិខិតគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក គង់ រ៉ៃយ៉ា បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា “ដោយសារខ្ញុំបាទបានមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយ និងការដឹកនាំប្រទេសជាតិដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ដែលដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ប្រជាជនរស់នៅដោយក្តីសុខសាន្ត ហើយប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

សម្ដេចតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់!គុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ដែលមានចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសការស្វែងរកសន្តិភាពដោយបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា នៅក្រោមគោលនយោបាយឈ្នះឈ្នះ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបត្រូវតែចង់ចាំនៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា។

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូមសម្ដេចតេជោមេត្តាអនុញ្ញាតឱ្យខ្ញុំបាទបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយក្ដីអនុគ្រោះផង។

ជាមួយគ្នានេះ លោក គង់ រ៉ៃយ៉ា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានធ្វើលិខិតជម្រាបជូនលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន សុំលាឈប់ពីសមាជិកគណៈកម្មាធិការនាយក និងគ្រប់តួរនាទីទាំងអស់នៅក្នុងគណបក្សភ្លើងទៀន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ដោយឡែក សម្តេចតេជោ ហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក គង់ រ៉ៃយ៉ា ដើម្បីចូលរួមជីវភាពនយោបាយ
ជាមួយគណបក្សប្រជាជនកម្ពុជា៕
ដោយ៖ពលជ័យ

ads banner