ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងនាមជាបក្សនៃនគរទេវតា កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួនដើម្បីយកជ័យជម្នះជូនបក្សនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជាបក្សនៃនគរទេវតា កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួនដើម្បីយកជ័យជម្នះជូនបក្សនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ សំដៅធ្វើយ៉ាងណាថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខរបស់ប្រទេសកម្ពុជា។ សារបេះដូងរបស់ម្ចាស់ឆ្នោត នឹងត្រូវបានផ្ញើចេញដោយយោងទៅគោលនយោបាយរបស់បក្ស និងសមិទ្ធផលវិជ្ជមានដែលកើតមានឡើងក្នុងរយៈកាលប្រមាណ៤៤ឆ្នាំកន្លងមកនេះ បន្ទាប់ពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសការការពារ និងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលរាតត្បាតនៃកូវីដ-១៩។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ ដោយរហូតមកដល់ពេលនេះ បានបំពេញបេសកកម្មជាច្រើន ក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជា៖ ទី១.១៩៥១-៥៣ តស៊ូប្រឆាំងរបបអាណានិគម ដើម្បីឯករាជ្យជាតិ ទី២.១៩៥៤-៧០ ការពារឯករាជ្យ សន្តិភាព និងអព្យាក្រឹតភាពកម្ពុជា ប្រឆាំងការជ្រៀតជ្រែករបស់បរទេស ទី៣.១៩៧០-៧៥ តស៊ូរំដោះជាតិពីរបប លន់ នល់ ទី៤.១៩៧៥-៧៩ តស៊ូផ្តួលរំលំរបប ប៉ុល ពត និងទី៥.១៩៧៩-បច្ចុប្បន្ន៖ ការពារការវិលត្រលប់នៃរបបខ្មែរក្រហម ស្តារកសាងប្រទេសពីបាតដៃទទេ បង្រួបបង្រួមជាតិ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី បញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ និងថែរក្សាសន្តិភាពតាមរយៈការទប់ស្កាត់បដិវត្តន៍ពណ៌ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សល្អឥតខ្ចោះ ឬអាចបំពេញគ្រប់តម្រូវការនោះទេ ខណៈដែលប្រទេសជាតិកំពុងអភិវឌ្ឍរីកចម្រើនទៅមុខ ហើយតម្រូវការរបស់ប្រជាពលរដ្ឋក៏កំពុងកើនឡើង។ ប៉ុន្តែ អ្វីដែលគណបក្សប្រជាជនកម្ពុជា អាចធានាបាន គឺសន្តិភាព និងលំនឹងស្ថិរភាពទាំងផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច បម្រើឱ្យជីវភាពរស់នៅប្រកបដោយភាពសុខសាន្តសម្រាប់ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាផែនការចក្ខុវិស័យសម្រាប់អនាគតវែងឆ្ងាយទៅមុខ។ ជារួម គណបក្សប្រជាជន ជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ ព្រមជាមួយនឹងបទពិសោធន៍ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការច្បាស់លាស់។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងនាមសកម្មជនយុវជនបក្ស យើងត្រូវរៀបចំខ្លួន និងផ្នត់គំនិត ដើម្បីបង្កើនសមត្ថភាព និងភាពចាស់ទុំទាំងផ្នែកនយោយបាយ និងសីលធម៌-គុណធម៌ ដើម្បីបង្កើនឥទ្ធិពល និងទាក់ទាញកម្លាំងគាំទ្រជូនគណបក្ស សំដៅរួមគ្នាបម្រើបុព្វហេតុ និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជន។ ដើម្បីក្លាយខ្លួនជាសកម្មជនយុវជនបក្ស គឺសុទ្ធតែបានឆ្លងកាត់ការជ្រើសរើសសម្រិតសម្រាំងច្បាស់លាស់ ទាំងផ្នែកសមត្ថភាពចំណេះដឹង ឆន្ទៈ មនសិការ ជាពិសេស អត្តចរិតប្រកបដោយសីលធម៌-គុណធម៌ ដែលសុទ្ធសឹងជាលក្ខណៈសម្បត្តិជាទីទុកចិត្ត និងស័ក្តិសមជាកម្លាំងប្រតិបត្តិករដ៏ស្មោះត្រង់ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជន៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner