តំណាងកម្ពុជាប្រចាំ អ.ស.ប ច្រានចោលចំពោះការលើកឡើងតែមួយជ្រុងពីស្ថានភាពនយោបាយនៅកម្ពុជាពីឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស អ.ស.ប
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ(អ.ស.ប,UN) និងអង្គការអន្តជាតិនានានៅទីក្រុងហ្សឺណែវបានប្រកាសច្រានចោលទាំងស្រុងចំពោះការលើកឡើងតែមួយជ្រុងរបស់លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អ.ស.បដែលរិះគន់ស្ថានភាពនយោបាយនៅកម្ពុជានៅមុនការបោះឆ្នោតជាតិខែកក្កដាខាងមុខ។
ការប្រកាសច្រានចោលនេះធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មកម្ពុជាប្រចាំអ.ស.ប នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
ការប្រកាសនេះធ្វើឡើងក្រោយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សចេញសេចក្តីថ្លែងការណ៍អំពាវនាវមួយ កាលពីថ្ងៃទី១៦ មិថុនា ដោយឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបន្ទាន់ដើម្បីបើកលំហសិទ្ធិពលរដ្ឋ និងបរិយាកាសអំណោយផលដល់ការបោះឆ្នោតជាតិដោយសេរី និងយុត្តិធម៌ នៅខែកក្កដា ខាងមុខ។
សេចក្តីប្រកាសព័ត៌មានបានអះអាងថា ការលើកឡើងរបស់លោក Volker Türk គឺតែមួយជ្រុង និងបានបដិសេធនូវស្ថានភាពលំហសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជានៅមុនការបោតឆ្នោតពិតប្រាកដ។ ខណៈរដ្ឋាភិបាលកម្ពុជាបានសម្រួលដល់អង្គការសង្គមស៊ីវិលប្រមាណ៦.០០០ប្រព័ន្ធផ្សព្វផ្សាយប្រមាណ ២.០០០ស្ថាប័ន បន្តការងារក្នុងន័យអនុវត្តលទ្ធិប្រជធិបតេយ្យសេរីពហុបក្ស លើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្ស។
តំណាងកម្ពុជាប្រចាំអ.ស.បបន្តថា ៖ «គណបក្សនយោបាយចំនួន ១៨ បានចុះឈ្មោះបោះឆ្នោតនៅខែកក្កដា ខាងមុខ ដែលបានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីចរិតលក្ខណៈប្រជាធិបតេយ្យ និងពហុបក្សរបស់កម្ពុជា ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
ប្រភពដដែលគូសបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រើប្រាស់ស្តង់ដារតែមួយសម្រាប់រាល់គណបក្សហើយគណបក្សភ្លើងទៀនមិនមែនជាគណបក្សតែមួយដែលអវត្តមានដោយសារការពុំបានបំពេញកាតព្វកិច្ចដាក់ឯកសារនោះទេ តែគណបក្សមហាសាមគ្គីជាតិខ្មែរ ក៏ដូចគ្នាដែលអវត្តមានគណបក្សនយោបាយពីរនេះ មិនបានរាំងស្ទះដល់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សឡើយ។
តំណាងកម្ពុជាក៏បានច្រានចោលការលើកឡើងរបស់ឧត្តមស្នងការសិទ្ធិមនុស្សអ.ស.បថា កម្ពុជាអនុវត្តច្បាប់រឹតត្បឹតសេរីភាពរបស់ក្រុមណាមួយដែលជាការមាក់ងាយនីតិរដ្ឋកម្ពុជា ព្រោះការអនុវត្តច្បាប់កន្លងមក ផ្អែកលើបទល្មើសរបស់បុគ្គលម្នាក់ៗប្រព្រឹត្តដែលមានចែងក្នុងច្បាប់ ហើយមិនផ្អែកថាបុគ្គលនោះស្ថិតនៅក្រុមណា គណបក្សនយោបាយណា សហជីពការងារណា ឬអង្គការសិទ្ធិណានោះទេ។
ជុំវិញរឿងនេះដែរ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានប្រាប់ឱ្យដឹងថា ការលើកឡើងរបស់ឧត្តមស្នងការសិទ្ធិមនុស្សរបស់អ.ស.បបានផ្អែកលើព័ត៌មានតែមួយជ្រុង។ពិសេសការទទួលបានព័ត៌មានតែពីគណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយការសន្និដ្ឋានទៀតសោតតាមរយៈរូបភាពខាងក្រៅ ដោយមិនបានពិនិត្យអង្គហេតុនិងអង្គច្បាប់ដែលមានជាធរមាននៅកម្ពុជា។
ឯកឧត្តមបានថ្លែងថា ៖ «ការសន្និដ្ឋានរបស់គាត់ គឺមិនត្រឹមត្រូវទេក្នុងរូបភាពសិទ្ធិមនុស្ស គាត់គួរតែមើលថា ហេតុផលអ្វីដែលនាំឲ្យមានវិធានការច្បាប់ ការអនុវត្តច្បាប់ចំពោះសកម្មជន និងគណបក្សនយោបាយទាំងនោះ ដែលសកម្មជន និងគណបក្សនយោបាយទាំងនោះបានប្រព្រឹត្តអ្វីខ្លះ ដែលច្បាប់បានបញ្ញត្តិថា ជាបទល្មើស»។
ឯកឧត្តម ជិន ម៉ាលីន បន្ថែមថា ការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺមិនបានរួមតូចដូចការចោទប្រកាន់ឡើយជាទូទៅ ប៉ុន្តែវាអាចរួមតូចសម្រាប់ជនណាដែលប្រព្រឹត្តបទល្មើស៕ ដោយ៖ សំបាន ច័ន្ទដារ៉ា