បណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាត្រៀមយកជោគជ័យជូនដល់គណបក្សប្រជាជនកម្ពុជា (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ក្រុមយុវជនបក្សថាគណបក្សប្រជាជនកម្ពុជា ត្រៀមនឹងយកជ័យជម្នះក្នុងការបោះឆ្នោតសកលខែកក្កដាខាងមុខនេះ។ ប្រសាសន៍របស់បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើនៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានរូបតំណាងដោយទេវតាបាចផ្កា និងស្ថិតក្នុងលេខរៀងទី១៨ ក្នុងចំណោមគណបក្សចូលរួមប្រកួតប្រជែងទាំងអស់១៨គណបក្ស។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «ក្នុងនាមជាបក្សនៃនគរទេវតា, កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួន ដើម្បីយកជ័យជម្នះជូនបក្ស នៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ សំដៅធ្វើយ៉ាងណាថែរក្សាសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខរបស់ប្រទេសកម្ពុជា»។

គណបក្សប្រជាជនកម្ពុជាដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៥១ គឺជាគណបក្សដែលបានជួយសង្គ្រោះ ប្រទេសចេញរួចផុត ពីរបបកាប់សម្លាប់ខ្មែរក្រហមប៉ុលពត, ជាគណបក្សដែលរួមសុខរួមទុក្ខ ជាមួយប្រជាជនកម្ពុជាគ្រប់សម័យកាល, ជាគណបក្សដែលមានសមត្ថភាពទប់ស្កាត់ឧបាយកលទុច្ចរឹតបដិវត្តពណ៌ និងជាគណបក្សដែលបាននាំប្រទេសរួចចាកផុតពីសង្គ្រាមស៊ីវិល ដោយសារតែនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។

បណ្ឌិត ហ៊ុន ម៉ាណែត បានប្រាប់យុវជនបក្សថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលធានាបាននូវកត្តាសន្តិភាព និងលំនឹងស្ថិរភាពទាំងផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច បម្រើឱ្យជីវភាពរស់នៅប្រកបដោយភាពសុខសាន្ត សម្រាប់ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាផែនការចក្ខុវិស័យសម្រាប់អនាគតវែងឆ្ងាយទៅមុខ។

លោកបានថ្លែងដាស់តឿនក្រុមយុវជនបក្សទៀតថា «ក្នុងនាមសកម្មជនយុវជនបក្ស, យើងត្រូវរៀបចំខ្លួន និងផ្នត់គំនិត ដើម្បីបង្កើនសមត្ថភាព និងភាពចាស់ទុំទាំងផ្នែកនយោយបាយ និងសីលធម៌-គុណធម៌ ដើម្បីបង្កើនឥទ្ធិពល និងទាក់ទាញកម្លាំងគាំទ្រជូនគណបក្ស សំដៅរួមគ្នាបម្រើបុព្វហេតុ និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជន។

ads banner