សម្តេចតេជោ ហ៊ុន សែន ឯកភាពឲ្យសិក្សាជាមួយអ្នកច្បាប់ជាមុនសិន ទាក់ទងនឹងសំណើសុំបង្កើតច្បាប់ ស្ដីពី ប្រវត្តិសាស្ត្រយោធា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ឯកភាពឲ្យសិក្សាជាមួយអ្នកច្បាប់ជាមុនសិន ទាក់ទងនឹងការងារសាងសង់សំណង់ពាក់ព័ន្ធប្រវត្តិតស៊ូ និងប្រវត្តិសាស្ត្រយោធា នៅតាមខេត្ត ។ សម្ដេចតេជោ នាយរកដ្ឋមន្ត្រី បានឯកភាពដូចនេះ ធ្វើឡើង ក្នុងពិធីរំលឹកដល់ថ្ងៃនៃដំណើរចេញតស៊ូ កាលពី៤៦ឆ្នាំមុន នៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ។

សម្ដេចតេជោ បានបញ្ជាក់ថា មុននឹងចាប់ផ្ដើមបន្ដ ខ្ញុំសូមឆ្លើយតប ជាមួយនឹងសំណូមពររបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ទៅលើសំណូមពរទាំង៥ ជាទូទៅ ជាគោលការណ៍ ខ្ញុំយល់ស្រប ប៉ុន្ដែចំណុចទី៣ ទាក់ទិននឹងស្នើបង្កើតច្បាប់ស្ដីពីប្រវិត្ដសាស្ដ្រយោធា ខ្ញុំស្នើឲ្យសិក្សាជាមួយអ្នកច្បាប់ ថាយើងអាចធ្វើទៅរួចឬទេ។

សម្ដេច ថា កម្រិតចេញអនុក្រឹត្យ ស្ដីពីការរៀបចំ តំបន់ប្រវត្ដិសាស្ដ្រយោធា គឺយើងអាចធ្វើទៅបាន និងការសុំអនុសាសន៍ចំពោះសួនប្រវត្ដិកាល នៃវិមានឈ្នះឈ្នះ សម្រាប់ផ្ដល់ជូនបណ្ដាខេត្ដ ត្រូវការសាងសង់ យើងអាចធ្វើបាន។ យើងអាចរៀបចំជាសួនកម្សាន្ត សម្រាប់ប្រជាពលរដ្ឋ ហើយវាមិនថ្លៃហួស ដែលយើងអាចធ្វើបាន ។ ឯការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា នៅយោធភូមិភាគ១ យោធភូមិភាគ ២ ក៏ជាការរៀបចំដែលយើងអាចធ្វើទៅបាន តែយើងអាចសិក្សាឱ្យបានទូលំទូលាយ ជាងនេះទៀត។ ព្រោះនៅប្រទេសរបស់យើង ស្ថានភាពយោធា មិនត្រឹមវាយជាមួយខ្មែរក្រហមនោះទេ។ ប្រវត្តិរបស់យោធា របស់យើង គឺមានចាប់ផ្ដើមតាំងពីរដ្ឋប្រហារយោធា ថ្ងៃទី១៨ មីនា ១៩៧០ ។ យើងគួរពង្រីកការសិក្សានេះ ឱ្យគ្របដណ្ដប់ទៅ លើទិដ្ឋភាពទាំងមូលបានឬទេ ?។

សម្ដេច បន្តថា គួរទុកលទ្ធភាពឱ្យគណៈកម្មការ ធ្វើការសិក្សាបន្តទៀត ព្រោះយើងចង់ និយាយ ពីដើមដល់ចប់ អំពីស្ថានភាពយោធា នៅក្នុងប្រទេសរបស់យើង នាពេលកន្លង ទៅនេះ ដើម្បីងាយស្រួលយើងឯកភាពគ្នា។ កន្លងមក យើងបានជ្រើសរើសយកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ គឺយកថ្ងៃឯករាជ្យ ចេញពី អាណានិគមនិយមបារាំង ធ្វើជាថ្ងៃកំណើត កងយោធពលខេមរភូមិន្ទ។ក៏ប៉ុន្តែប្រវត្តិ នៃការបង្កើតកងទ័ព នៃភាគីនីមួយៗ គឺខុសៗគ្នា ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ