រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរាជទូតជប៉ុន ចុះហត្ថលេខារួមគ្នាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដល់កម្ពុជា ដែលមានទឹកប្រាក់ជិត២០០លានដុល្លារ
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខារួមគ្នាលើ លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដល់កម្ពុជា ដែលមានទឹកប្រាក់សរុបចំនួន ២៥.៧៧៣.០០០.០០០ យ៉េន (ស្មើប្រមាណ១៨៨លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួន២ នៅព្រឹកថ្ងៃទី២0 ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

គម្រោងចំនួន២ដូចខាងក្រោម៖
ទី១៖គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ
គម្រោងនេះមានគោលបំណងកែលម្អស្ថានភាពផ្លូវចំនួន ៣៨ខ្សែ ចាប់ពីផ្លូវក្រួស ដល់ផ្លូវក្រាលកៅស៊ូ កសាងស្ពាន និងដំឡើងបំពង់លូ ដែលមានប្រវែងសរុប ៥២៩,៧គីឡូម៉ែត្រ ដែលតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដោយកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ គម្រោងនេះ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២៣។ ការកែលម្អផ្លូវជនបទទាំងនោះ នឹងជួយសម្រួលដល់ការធ្វើដំណើរជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងការដឹកជញ្ជូនកសិផលរបស់ពួកគេទៅកាន់ទីផ្សារ សំដៅរួមចំណែកដល់ការបង្កើនសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ទាំងនោះ។
ទី២៖គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកនៅខេត្តសៀមរាប ដំណាក់កាលទី៣
គម្រោងនេះនឹងទទួលបានថវិកាបន្ថែម ដើម្បីសាងសង់រោងចក្របន្សុទ្ធទឹក ដែលមានសមត្ថភាពបន្សុទ្ធទឹកចំនួន៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងស្ថានីយ៍បូមទឹកនិងប្រព័ន្ធចែកចាយទឹក សំដៅជួយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តសៀមរាប។

ជាមួយគ្នានេះដែរ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជប៉ុនចំពោះការបន្តផ្ដល់ជំនួយដល់កម្ពុជា ដែលកាយវិការនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការគាំទ្រឥតងាករេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
ជាចុងបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះសរជូនចំពោះឯកឧត្តមឯកអគ្គរាជទូត UENO Atsushi និងសហការី នៅស្ថានទូតជប៉ុន ព្រមទាំងមន្រ្ដីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងកិច្ចគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា ព្រមទាំងធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ