រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ជាទីកម្សាន្តបែបធម្មជាតិគួរជាទីទាក់ទាញ និងកំពុងលេចធ្លោមួយនៅលើភ្នំ១៥០០

ខេត្តពោធិ៍សាត់៖ទឹកធ្លាក់ថ្មដាតូច ឬអ្នកខ្លះនិយមហៅទឹកធ្លាក់ភ្នំ១៥០០ កំពុងទទួលបាន ការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំ ឆ្ពោះទៅកាន់ច្រក ព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងព្រំប្រទល់ខេត្ដត្រាត ប្រទេសថៃ។

ទឹកធ្លាក់ថ្មដាតូច គឺជាទីកន្លែងកម្សាន្តជាមួយ រ៉បនឹងសម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែក ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៥៥ ដែលទើបកសាងថ្មី។ ភ្ញៀវទេសចរ នឹងបាន ឃើញ ទឹកហូរលើជម្រាលថ្ម ជាដំណាក់ៗដូចកាំជណ្ដើរ ដែលផ្ដល់ភាពងាយស្រួលងូតទឹកកម្សាន្ដ ដល់ភ្ញៀវទេសចរ អមដោយទេសភាពព្រៃព្រឹក្សា ។
លោក កែវ សុផាន់ណារិទ្ធ ប្រធានការិយាល័យអភិវឌ្ឍមូលដ្ឋាននៃមន្ទីរបរិស្ថានខេត្ត ពោធិ៍សាត់បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖ពេលបច្ចុ្បន្នប្រជាសហគមន៍មូលដ្ឋានមានការយល់ដឹងខ្ពស់ទៅលើធនធានធម្មជាតិក្នុងនេះពិសេសពួកគាត់ដែលធ្លាប់តែចូលព្រៃកាត់ឈើបរបាញ់សត្វ នោះបានងាកមកចូលរួមអភិរក្សដើម្បីបង្កើតជាតំបន់អេកូទេសចរណ៍ ដែលជាប្រភពរកចំណូលមិនចេះរីងស្ងួតរបស់ប្រជាសហគមន៍។

លោកបានថ្លែងដោយបញ្ជាក់ដែរថា ទន្ទឹមជាមួយការចូលរួមអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃពួកគាត់ក៏បាននាំគ្នាចូលរួមថែរក្សាអនាម័យដើម្បីវិស័យទេសចរណ៍យ៉ាងសំខាន់របស់ពួកគាត់ទៀតផង។ប្រជាហគមន៍ក្រៅពីទុកដាក់សំរាមយ៉ាងមានរបៀបរៀបរយហើយ ក៏នាំគ្នាសម្អាតអនាម័យទាំងតាមមូលដ្ឋានរស់នៅ និងពិសេសតំបន់ទេសចរណ៍តែម្តង។

ដោយឡែក កញ្ញា កែម ម៉ានីត អ្នកទេសចរណ៍មួយរូបមកពីរាជធានីភ្នំពេញដែលបានមកកម្សាន្ត រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចឱ្យដឹងថាទីកម្សាន្តមួយកន្លែងនេះពិតជាអស្ចារ្យជាមួយនឹងទឹកធ្លាក់បែបធម្មជាតិដែលអ្នកទេសចរបានមកកម្សាន្តដោយផ្ទាល់ហើយតែងមានក្តីរំភើបជាមួយទស្សនីយភាពគ្មានពីរក្នុងទឹកដីភ្នំ១៥០០មួយកន្លែងនេះ ។ ក្រៅពីនេះវាក៏ជាទីកន្លែងសម្រាកលំហែកាយមួយដែលមិនចេះនឿយណាយ និងប្រកបដោយភាពសុខដុមរមនាគ្មានគូប្រៀប។
ជាមួយគ្នានេះកញ្ញាក៏បានសំណូមពរឱ្យក្រុមអ្នកទេសចរដែលចូលមកកម្សាន្តរមណីយមួយកន្លែងនេះរួមគ្នាថែរក្សាអនាម័យ ដើម្បីប្រែក្លាយទីកន្លែងនេះក្រៅពីមានសម្រស់ធម្មជាតិដែលមានស្រាប់ទាំងនេះនៅជាទីស្អាតល្អគួរជាទីមនោរម្យថែមទៀត។

ដោយឡែកអ្នកស្រី រស់ ផារី អ្នកលក់ចំណីអាហារនៅរមណីយដ្ខានទឹកធ្លាក់ថ្មដាតូចបានឱ្យដឹងថាបន្ទាប់ពីរមណីយដ្ឋានកន្លែងនេះមានការរីកចម្រើន និងមានភ្ញៀវទេសចរចូលកម្សាន្ត ហូរហែមកធ្វើឱ្យប្រជាសហគមន៍អាចរកចំណូលពីការលក់ចំណីអាហារសម្រាប់ផ្គត់ផ្គត់ជីវភាពបានល្អប្រសើរជាងមុន។ពួកគាត់អាចរកចំណូលស្ទើររៀងរាល់ថ្ងៃពិសេសថ្ងៃ សៅរ៍ អាទិត្យនិងពិធីបុណ្យធំៗ។នៅទីកន្លែងនេះពួកគាត់មានលក់ចំណីអាហារមូួលដ្ឋានដែលអ្នកទេសចរអាចភ្លក្ស អាហារឆ្ងាញ់ៗពិសារបានគ្រប់គ្នា។
សូមរំលឹកថាទឹកធ្លាក់ថ្មដាតូចនេះមានទទឹង៥០ម៉ែត្របណ្តោយជាង២០០ម៉ែត្រចែកចេញជា២ផ្នែក គឺផ្នែកខាងលើ ភ្ញៀវធ្វើដំណើរប្រមាណ៥០ម៉ែត្រទៅដល់គោលដៅ ពេលនោះភ្ញៀវបានឃើញទឹកហូរថ្លាឈ្វេងមានជាទីកន្លែងសម្រាប់ចុះងួតទឹក និងទីកន្លែងអង្គុយលេងចំនួន៤២ នៅសង្ខាងជ្រោះ ។

គួរបញ្ជាក់ថានាពេលថ្មីកន្លងមកនេះអ្នកសារព័ត៌មានមកពី ១៥ស្ថាប័ន និងមានចំនួន ២០នាក់ ក្នុងប្រទេសកម្ពុជាបានទទួលចំណេះដឹងដើម្បីពង្រឹងសមត្ថភាពក្នុងការផ្សព្វផ្សាយបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់និរន្តរភាពជីវភាពប្រជាពលរដ្ឋ ការពង្រឹងបាននូវសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដែលបានអនុវត្តកម្មវិធី និងយុទ្ធសាស្រ្តនានា ដូចជាកម្មវិធីរេដបូក គម្រោងឥណទានកាបូន និងការអភិវឌ្ឍជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ៕

អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖ លោក សែមបូរិន និង លោករិនរចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner