កិច្ចពិភាក្សាក្រៅផ្លូវការស្តីពីបញ្ហាមីយ៉ាន់ម៉ានៅថៃ៖ ភាគីកម្ពុជាបានសង្កត់ធ្ងន់លើចំណុច៣សំខាន់
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម អាន សុខខឿន បានឱ្យដឹងនៅល្ងាចថ្ងៃទី២០ ខែមិថុនានេះថា ក្នុងឱកាសចូលរួមកិច្ចពិភាក្សាក្រៅផ្លូវកិច្ចពិភាក្សាក្រៅផ្លូវការស្តីពីបញ្ហាមីយ៉ាន់ម៉ា នៅប្រទេសថៃ កាលពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមថ្លែងបទអន្តរាគមន៍ ដោយបានសង្កត់ធ្ងន់ ដូចខាងក្រោម៖
1.ការចូលរួមរបស់ភាគីពាក់ព័ន្ធ រួមទាំងប្រទេសជាហត្ថលេខីនៃ “កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច (5PC)” នៅក្នុងកិច្ចពិភាក្សានេះ គឺជាគន្លឹះនៃវិធានការកសាងទំនុកចិត្ត។
2.ការផ្លាស់ប្តូរយោបល់ក្នុងវេទិកានេះ រួមចំណែកបង្កើតជាលំហការទូតសម្រាប់ភាគីពាក់ព័ន្ធ ដើម្បីចាប់ផ្តើមកិច្ចសន្ទនា សំដៅឆ្ពោះទៅរកដំណោះស្រាយនយោបាយ ដែលត្រូវដឹកនាំដោយ និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា។
3.កិច្ចពិភាក្សាក្រៅផ្លូវការនេះ ឆ្លុះបញ្ចាំងអំពីការអនុវត្តនូវ “ការវាយតម្លៃ និងសេចក្តីសម្រេចចិត្ត ១៥ចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច” ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ នៅទីក្រុងភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីជំរុញបន្ថែមទៀតក្នុងការអនុវត្ត “កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច (5PC)” ។ ចំណុចទី១៤ នៃការវាយតម្លៃ និងសេចក្តីសម្រេចចិត្តខាងលើ បានចែងពីការស្វែងរកវិធីសាស្ត្រផ្សេងៗ សំដៅចូលរួមបំពេញបន្ថែម ឬជំរុញឱ្យមានការអនុវត្តដោយពេញលេញ មានប្រសិទ្ធភាព និងឆាប់រហ័សនូវ កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច (5PC)” ៕
ដោយ៖ពលជ័យ