សកម្មជនគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)
សកម្មជនគន្លឹះ នៃអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកល ខែកក្កដាកាន់តែរំកិលមកកៀកជាលំដាប់។
សេចក្តីរាយការណ៍នៅថ្ងៃទី២១មិថុនានេះ បានបង្ហាញពីសកម្មជនគណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ នៃខេត្តព្រះវិហារ, ខេត្តកណ្តាល និងខេត្តកំពង់ចាម។ នេះជាវីដេអូរបស់អតីតអនុប្រធានទី១ នៃអតីតគណបក្សសង្គ្រោះជាតិ នៅខេត្តព្រះវិហារ លោក ជា រុំ។
គណបក្សភ្លើងទៀន ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈ នៃនីតិវិធីដែលគជបបានតម្រូវ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ បានសម្រេចបដិសេធបន្ថែមទៀត ក្រោយការរកឃើញថាគណបក្សភ្លើងទៀននោះបានប្រព្រឹត្តខុសនឹងគតិច្បាប់។
នៅក្នុងខេត្តកំពង់ចាម, ស្លាកគណបក្សភ្លើងទៀនក្នុងមួលដ្ឋានមួយ ត្រូវបានសកម្មជន និងអ្នកគាំទ្របានផ្តួលរំលំចោលជាបន្តបន្ទាប់ ក្រោមហេតុផលអស់ជំនឿ និងការស្អប់ខ្ពើមចំពោះនយោបាយជ្រុលនិយម។
ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។
នៅថ្ងៃដដែលនេះផងដែរ, ប្រធានថ្នាក់ស្រុកនៃអតីតបក្សសង្គ្រោះជាតិ និងសកម្មជនបក្សភ្លើងទៀននៅស្រុកខ្សាច់កណ្ដាល ចំនួន៤៥នាក់ បានស្នើសុំចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
ក្នុងសប្តាហ៍នេះផងដែរសកម្មជនគណបក្សភ្លើងទៀននៅខេត្តប៉ៃលិន, ខេត្តកំពត, នៅរាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ត្រូវគេឃើញថាបាននាំគ្នាសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ នៅមុនការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដាឈានមកដល់។